អ្នកទោស​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង លើស​ចំណុះ​ហើយ

  • 2017-09-13 09:54:14
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក ពៅ វុទ្ធី ប្រធាន​ពន្ធនាគារ ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យដឹង​ថា ចំនួន​អ្នក​ទោស នៅ​ពន្ធនាគារ ខេត្ត​កំពង់ឆ្នាំង បាន​កើនឡើង​ដល់ ៧៤០​នាក់ ធ្វើឲ្យ​ចង្អៀត ហើយ​លើស​ចំណុះ។ ក្នុងនោះ ក្រសួង​មហាផ្ទៃ បាន​សម្រេច​បញ្ជូន​អ្នកទោស​ចំនួន ៩០​នាក់ ចេញពី​ពន្ធនាគារ ខេត្ត​កំពង់ឆ្នាំង ទៅកាន់​ពន្ធនាគារ ខេត្ត​ពោធិ៍សាត់ និងទៅ​មណ្ឌល​កែប្រែ “ម៤” នៅ​ខេត្ត​ពោធិ៍សាត់។

លោក ពៅ វុទ្ធី ប្រធាន​ពន្ធនាគារ ខេត្ត​កំពង់ឆ្នាំង បាន​លើកឡើង​ថា ដោយសារតែ​មាន​កំណើន​អ្នក​ទោស​បាន​កើនឡើង​ច្រើន ដែល​បច្ចុប្បន្ន​នេះ មាន​ចំនួន​ដល់ទៅ ៧៤០​នាក់ បាន​ធ្វើឲ្យ​ចង្អៀត ក្នុង​ពន្ធនាគារ ទើប​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​រូបលោក បានធ្វើ​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំផ្ទេរ​អ្នកទោស​មួយ​ចំនួន ចេញពី​ពន្ធគារ​ខេត្ត​កំពង់ឆ្នាំង ទៅកាន់​ពន្ធនាគារ​ខេត្ត​ផ្សេង។

ជា​លទ្ធផល លោក​ប្រធាន​ពន្ធនាគារ ខេត្ត​កំពង់ឆ្នាំង បាន​បន្ត​ថា សម្តេច​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្រេច ឲ្យ​ផ្ទេរ​អ្នកទោស ចំនួន ៩០​នាក់ ទៅកាន់​ពន្ធនាគារ ខេត្ត​ពោធិ៍សាត់ ឬ​មណ្ឌល​កែប្រែ ម៤។

លោក ពៅ វុទ្ធី បាន​បញ្ជាក់​ថា អ្នកទោស​ទាំង ៩០​នាក់ គឺជា​ទណ្ឌិត ដែលបាន​កាត់ទោស និង​ជាប់​ពន្ធនាគារ ជិតផុត​កំណត់ ហើយនៅ​សល់​ត្រឹមតែ ១ឆ្នាំ ឬ ១ឆ្នាំ​កន្លះ​ប៉ុណ្ណោះ នឹង​ត្រូវ​ដោះលែង​វិញ។ ក្នុងនោះ​មានស្ត្រី ១០​នាក់ ត្រូវ​បញ្ជូន​ដាក់ក្នុង​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ និង ៨០​នាក់ ជា​បុរស ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ ម៤ នៅស្រុក​ភ្នំ​ក្រវ៉ាញ ខេត្ត​ពោធិ៍សាត់។

អ្នកជាប់​ពន្ធនាគារ នៅខេត្ត​កំពង់ឆ្នាំង កើន​ឡើង ហួស​កំណត់​នេះ ដោយសារ​តែ​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រឿងញៀន។ នៅ​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង អាចផ្ទុក​អ្នកទោស ត្រឹមតែ​ពី ៣៥០ នាក់ ទៅ៤០០ នាក់​ប៉ុណ្ណោះ៕


អត្ថបទ៖ លីហៀង