អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស ក្នុង​ឆមាស​ទី១​ឆ្នាំ​២០១៧ កើតឡើង​ជាង​៣០០​លើក ស្លាប់​និង​របួស​ច្រើន​នាក់

  • 2017-09-13 12:14:37
  • ចំនួនមតិ

ចន្លោះមិនឃើញ

រយៈ​ពេល ៦​ខែ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ គ្រោះ​អគ្គិភ័យ បាន​កើតឡើង​នៅ​ទូទាំង​ប្រទេស ចំនួន ៣០៩​លើក និង​បាន​សម្លាប់​មនុស្ស ៩​នាក់។ ចំនួន​នេះ បាន​ថយ​ចុះ បើ​ធៀប​នឹង​ឆមាស​ទី១ ឆ្នាំ​២០១៦។

លោក​ឧត្ដមសេនីយ៍ទោ នេត វន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យដឹង​ថា គ្រោះ​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស ក្នុងឆមាសទី១ នៅឆ្នាំ២០១៧ បាន​សម្លាប់​មនុស្ស ០៩​នាក់ និង​របួស ៦៩​នាក់ បំផ្លាញ​ផ្ទះ ៣៣០​ខ្នង និង​តូប​លក់​ដូរ ២៣៦​តូប​។ របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បង្ហាញ​ថា ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៦ គ្រោះ​អគ្គិភ័យ នៅ​ទូទាំង​ប្រទេស បាន​កើត​ឡើង ៤៣៣​លើក សម្លាប់​មនុស្ស ១៣​នាក់ និង​របួស ២៨​នាក់ បំផ្លាញ​ផ្ទះ ៦០១​ខ្នង និង​តូប​លក់​ដូរ ១៣១២​តូប។ មូល​ហេតុ នៃ​គ្រោះ​អគ្គិភ័យ​ទាំង​នោះ កើតឡើង​ដោយ​សារ​ឆ្លង​ចរន្ត​អគ្គិសនី ៤២% បង្ក​ដោយ​ប្រើប្រាស់​ភ្លើង ៣៥% និង​ពុំ​ដឹង​មូលហេតុ ២៣%។

លោក​ឧត្ដមសេនីយ៍ទោ នេត វន្ថា លើក​ឡើង​ថា កត្តា​ដែល​ជំរុញ​អោយ​គ្រោះ​អគ្គិភ័យ នៅ​ឆមាស​ទី១ ក្នុង​ឆ្នាំ​២០១៧ ថយ​ចុះ ដោយសារ​តែ​កង​កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ចុះ​ផ្សព្វផ្សាយ និង​អន្តរាគមន៍​ទាន់​ពេល នៅ​ពេល​ហេតុការណ៍​កើត​ឡើង និង​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ព្រមទាំង​កត្តា​អំណោយផល​នៃ​ធម្មជាតិ៕


អត្ថបទ៖ លីហៀង