ផលិតផល​ជលផល​កម្ពុជា ជួបការ​លំបាក ក្នុងការ​ប្រកួត​ប្រជែង ដោយ​កត្តា​ទាំងនេះ

  • 2017-09-14 02:17:06
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បញ្ជាក់​ថា តម្លៃ​ផលិតផល ជលផល​កម្ពុជា នៅមាន​តម្លៃ​ផលិត​ខ្ពស់  មានការ​លំបាក​ក្នុងការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ ដោយសារការ​ផលិត​នៅប្រើ​បច្ចេកវិទ្យា កែច្នៃ​តាម​បែប​បុរាណ តម្លៃ​ផលិតផល​នៅមាន​កម្រិត។

ក្នុង​ឱកាស បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​គម្រោង​ស្តីពី កម្មវិធី​ពិពិធកម្ម និង​ជំរុញ​ការ​នាំចេញ​របស់​កម្ពុជា​ជំហាន​ទី២ កាលពី​ថ្ងៃទី១២​កញ្ញា លោក វេង សាខុន បាន​ឲ្យដឹង​ថា បញ្ហា​គុណភាព​នៃ​ផលិតផល ជលផល​នៅមាន​កម្រិត ឬក៏​មិនទាន់​ឆ្លើយតប​តាម​តម្រូវការ​នៃ​ប្រទេស​នាំចូល ដោយសារ​សិប្បកម្ម កែច្នៃ​ខ្នាតតូច និង​មធ្យម មិនទាន់​បាន​ពេញលេញ​តាម​គោលការណ៍ អនុវត្តន៍​អនាម័យ​ល្អ (GHP)។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថត៖ Facebook ក្រសួងកសិកម្ម

លោក​បន្ដ​ទៀត​ថា កន្លងមក​នេះ ការ​នាំចេញ ផលិតផល​ជលផល​សមុទ្រ មិន​ទាន់​មាន​ជា​ទ្រង់ទ្រាយ​ធំ​នៅឡើយ​ទេ គ្រាន់តែ​នាំចេញ​ទៅក្នុង​តំបន់ ដូចជា​ផល​នេសាទ​សមុទ្រ​មួយ​ចំនួន​នាំចេញ​ទៅថៃ មួយ​ចំនួន​ចេញ​ទៅ​ហុងកុង ប៉ុន្តែ​មិនមាន​ទំហំ​ធំទេ គឺ​ផ្គត់ផ្គង់​តែនៅ​លើ​ទីផ្សារ​ក្នុង​ស្រុក ព្រោះ​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​ធំធេង។

លោក វេង សាខុន បាន​អះអាង​ថា រាជ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម ជាអ្នក​ត្រួតពិនិត្យ​ទំនិញ​នាំចូល ដែលគ្មាន​គុណភាព សុវត្ថិភាព ហើយ​ក្រសួង​កសិកម្ម ក៏បាន​ប្រឹងប្រែង​សហការ​ជាមួយ​ប្រទេស​ជិតខាង និង​ជាមួយ EU ដើម្បី​ត្រួត​ពិនិត្យ​មើលការ​ធ្វើ​នេសាទ​ផ្សេងៗ ទប់ស្កាត់​បទល្មើស​ក្នុង​ដែន​នេសាទ​សមុទ្រ ដើម្បី​រួមគ្នា​ថែរក្សា​ធនធាន​ធម្មជាតិ​របស់​ពិភពលោក៕


ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី