សិប្ប​កម្ម​ខ្សែ​ក្រវាត់​ឈើ​កូន​ខ្មែរ​នៅ​ព្រៃ​វែង ដង្ហោយ​ហៅ​រក​ជំនួយ

  • 2017-09-14 03:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​បើក​ដំណើរ​ការ​ផលិត​ខ្សែ​ក្រវាត់​អស់​រយៈ​ពេល​៤ឆ្នាំ​ប្រកប​ដោយ​ជោគ​ជ័យ​មក សិប្បកម្ម​មួយ​នេះ បាន​ឈាន​ដល់​ដំណាក់​កាល​មួយ​ដែល​លែង​មាន​អ្នក​បញ្ជា​ទិញ​ច្រើនៗ​ដូច​មុន។

លោក ម៉ៅ ជីមន ស្ថាប​និក និង ជា​ម្ចាស់​សិប្ប​កម្ម​ច្នៃ​ប្រឌិត​មួយ​នេះ បាន​ឱ្យ​ដឹង​ថា កាល​ពី​ទើប​បង្កើត​ភ្លាម​ៗក្នុង​ឆ្នាំ​២០១៣ សិប្ប​កម្ម​របស់​លោក​អាច​ផលិត​ខ្សែ​ក្រវាត់​ឈើ​បាន​រហូត​ដល់​ ១០​ខ្សែ​ក្នុង​មួយ​ថ្ងៃ ដោយ​កាល​នោះ​លោក​មាន​កម្មករ ១១​នាក់។ ម្ចាស់​សិប្ប​កម្ម​រូប​នេះ​រំលឹក​ថា ខ្សែ​ក្រវាត់​ឈើ​របស់​លោក​ល្បី​ល្បាញ​ខ្លាំង​ណាស់​ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​បរទេស​ដូច​ជា ប្រទេស​បារាំង អាមេរិក អូស្ត្រាលី ញូវ​ហ្ស៊ី​លែន កូរ៉េ និង ម៉ា​ឡេ​ស៊ី...។ កាល​នោះ ខ្សែ​ក្រវាត់​លោក លក់​ក្នុង​តម្លៃ ពី​៥០​ដុល្លារ ទៅ ៧០​ដុល្លារ ក្នុង​មួយ​ខ្សែ​។

ប៉ុន្តែ នៅ​ឆ្នាំ​២០១៧​នេះ ការ​លក់​របស់​លោក ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដោយ​មិន​មាន​អ្នក​ទិញ​ច្រើន​ដូច​មុន​ទៀត​ទេ ។ បច្ចុ​ប្បន្ន លោក​ផលិត​តែ ២ ទៅ ៣ខ្សែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ដោយ​មិន​អាច​ទ្រោល​ស្ថាន​ភាព​លំបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​បាន លោក​បាន​ឱ្យ​កម្មករ​ទាំង​អស់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​លោក​ស្ទើរ​តែ​បិទ​សិប្ប​កម្ម​នេះ​ម្តង​ម្កាល​ដែរ​។

ការ​ធ្លាក់​ចុះ​នេះ ត្រូវ​បាន​លោក ជីមន មើល​ឃើញ​ថា គឺ​បណ្តាល​មក​ពី​ការ​បង្កើត​សិប្ប​កម្ម​ដូច​គ្នា​ថ្មីៗ ច្រើន ហើយ​មាន​ការ​ប្រកួត​ប្រជែង​ផ្នែក​តម្លៃ​។ ម្យ៉ាង​ទៀត លោក​ថា មក​ពី​ខ្សែ​ក្រវាត់​របស់​លោក​មាន​តម្លៃ​ថ្លៃ ដែល​អ្នក​ក្នុង​ស្រុក​ពិបាក​រក​ប្រាក់​ទិញ​បាន ទីផ្សារ​ក្នុង​ស្រុកមិន​សូវ​ទូលំ​ទូលាយ ហើយ​ការ​ដឹក​ជញ្ជូន​ឱ្យ​អតិថិ​ជន ក៏​នៅ​មាន​កម្រិត​។

ទោះ​យ៉ាង​នេះ​ក្តី ស្ថាបនិក​វ័យ ៤៧​ឆ្នាំ​រូប​នេះ និយាយ​ថា ដើម្បី​លើក​កម្ពស់​ស្នា​ដៃ​កូន​ខ្មែរ លោក​នឹង​មិន​បោះ​បង់​ចោល​ការ​ងារ​នេះ​ទេ។ នៅ​ឆ្នាំ ២០១៨​ខាង​មុខ លោក​នឹង​ប្រឹង​ប្រែង​ពង្រីក​ទី​ផ្សារ​ទៅ​តាម​បណ្តា​ខេត្ត​ឱ្យ​បាន​ច្រើន ពិសេស​ខេត្ត​ដែល​មាន​តំបន់​ទេស​ចរណ៍។ ជា​មួយ​គ្នា​នេះ​ដែរ លោក​បាន​ធ្វើ​សំណូម​ពរ​ឱ្យ​អតិ​ថិជន​ខ្មែរ ចូល​រួម​លើក​ស្ទួយ​ស្នាដៃ​ច្នៃ​ប្រឌិត​ក្នុង​ស្រុក ដើម្បី​រួម​ចំណែក​ផ្តល់​ការ​ងារ​ដល់​ពល​រដ្ឋ​ខ្មែរ​ផង​ដែរ​។

សិប្ប​កម្ម​ខ្សែ​ក្រវាត់​ឈើ​កូន​ខ្មែរ មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ពានា​ជើង ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃ​វែង។ ​អ្នក​ដែល​ចង់​បញ្ជា​ទិញ​ខ្សែ​ក្រវាត់​ឈើ អាច​ទាក់​ទង​លោក ម៉ៅ ជីមន សូម​តាម​ទូ​សព្ទ​លេខ ០១២ ២៣៩ ០២៨ និង ០៩៦ ៦២០ ០០៦០៕

អត្ថបទ៖ ឃុត សុខឿន

អត្ថបទថ្មី
;