ឱកាសលេង​នៅ​ក្រុម​ចិន​របស់ Tevez កាន់តែ​ស្ដួចស្ដើងហើយ​

  • 2017-09-14 04:34:52
  • ចំនួនមតិ

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​របស់ Manchester United និង Manchester City កីឡាករ Carlos Tevez ត្រូវ​បាន​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម Shanghai Shenhua បញ្ឈរ​ឈរ​ចោល ដោយសារ​បញ្ហា​ឡើង​ទម្ងន់។

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន បាន​ផ្លាស់​ទៅ​លីគ​កំពូល​ចិន កាលពី​ខែ​ធ្នូ ឆ្នាំ២០១៦ ដោយ​ផ្ទេរ​ពី​ក្រុម Boca Juniors និង​ត្រូវ​គេ​រាយការណ៍​ថា ជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​ច្រើន​ជាង​គេ ចំនួន ៦១៥០០០ ផោន​ក្នុង​មួយ​សប្ដាហ៍។ ប៉ុន្តែ Tevez ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ១៤​លើក ឲ្យ Shanghai Shenhua ។

ក្រោយ​មក កីឡាករ​វ័យ ៣៣ឆ្នាំ​ដដែល បាន​ទទួល​រង​របួស​ជើង កាលពី​ខែ​មេសា ដែល​ធ្វើឲ្យ​រូបគេ​មិន​អាច​ចូល​លេង​បាន ១​ខែ ហើយ​ថ្មី​ៗ​នេះ គេ​ទើប​តែ​ត្រឡប់​ពី​ប្រទេស​អាហ្សង់ទីន​ទៅ​ចិន​វិញ ក្រោយ​ពី​​ការ​សម្រាក International Break ដើម្បី​ព្យាយាម​បញ្ហា​របួស​មួយ​ផ្សេង​ទៀត។

បច្ចុប្បន្ន ក្រុម Shenhua កំពុង​ឈរ​នៅ​លំដាប់​ទី១២ ក្នុង​តារាង​លីគ​កំពូល​ចិន៕


ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ លាភ.