រដ្ឋមន្ត្រី​ការបរទេស ឲ្យ​អាមេរិក​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ

  • 2017-09-14 06:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​សហរដ្ឋ​អាមេរិក​ធ្វើការ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ។ លោក​ថា សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ២៦​នាក់ ត្រឡប់​មក​កម្ពុជា​វិញ។ កម្ពុជា​មិន​ជំទាស់​ថា មិន​ទទួល​យក​នោះ​ទេ និង​កំពុង​ចរចា​គ្នា និង​រៀបចំ​កម្មវិធី​ជជែក​ឡើង​វិញ ហើយ​បើ​សហរដ្ឋអាមេរិក​មិន​ទទួល​យក​លក្ខខណ្ឌ​មនុស្សធម៌ មិន​ដឹង​គិត​យ៉ាង​ម៉េច​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​បញ្ជាក់​ថា ការ​ផ្អាក​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា ដែល​មាន​តួនាទី​ចាប់​ពី​ថ្នាក់​អគ្គនាយក រហូត​ដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​ការបរទេស គឺ​ដោយសារ​តែ​កម្ពុជា​មិន​ទទួល​យក​ប្រជាពលរដ្ឋ​ខ្មែរ។

ជាមួយគ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ក៏​បាន​សំណូមពរ​កុំ​ឲ្យ​អាមេរិក​ចាត់​ទុក​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សំរាម និង​កុំ​យក​មក​បោះបង់​ចោល​ដូច​សំរាម។ ចំពោះ​អាមេរិក​បដិសេធ​សំណើ​របស់​កម្ពុជា គឺ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ។ សហរដ្ឋ​អាមេរិក​គួរ​តែ​ពិចារណា​ឡើង​វិញ​ចំពោះ​បញ្ហា​នេះ។

ប្រមុខ​ការទូត​កម្ពុជា​ក៏​បាន​បញ្ជាក់​ថា កម្ពុជា​មិន​មាន​ការ​រើសអើង​ជាមួយ​ប្រទេស​ណា​ទាំង​អស់។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ អាមេរិក​បញ្ចូល​ប្រជាពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​វិញ​ជាង ៥០០​នាក់ ដោយ​ក្នុង​នោះ មាន​ជាង ២០​នាក់​ស្លាប់ ដោយសារ​ជំងឺ ក្នុង​នោះ មាន ៤​នាក់​ស្លាប់ ដោយសារ​ការ​ធ្វើ​អត្តឃាត ដោយ​បាត់​សេចក្ដី​សង្ឃឹម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;