CV11 កីឡាករ​អាស៊ាន​ម្នាក់ ដែល​បរទេស​ចង់​ឲ្យ​លេង​នៅ​ឆ្ងាយ​ឯ​នាយ​សមុទ្រ

  • 2017-09-19 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រប​ពេល​ដែល​យុវជន​ក្នុង​តំបន់​អាស៊ាន​ឆ្នើមៗ កំពុង​តែ​មាន​ការ​អភិវឌ្ឍ​ខ្លួន​ជា​លំដាប់ និង​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សារព័ត៌មាន FourFourTwo បាន​ជជីក​រក​ឃើញ​កីឡាករ​ ៥​រូប ដែល​មាន​សមត្ថភាព​លេង​នៅ​ឯ​នាយ​សមុទ្រ។

១- Gian Zola (ឥណ្ឌូណេស៊ី)៖

កីឡាករ​​វ័យ​១៨​ឆ្នាំ​រូបនេះ មាន​ជំនាញ​ជើង​ឆ្វេង។ សមត្ថភាព​របស់​គេ ត្រូវ​បាន​លោក Luis Miller គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​មើល​ឃើញ ហើយ​លោក​បាន​ដាក់​រូបគេ​ឲ្យ​ចូល​លេង​ជា​លើកដំបូង កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧។ Zola នេះ​ហើយ ជា​អ្នក​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់ មក​លើ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ការ​ប្រកួត​ដែល​ឥណ្ឌូណេស៊ី យក​ឈ្នះ ២-០ នៅ​រាជធានីភ្នំពេញ។

២- ចាន់ វឌ្ឍនាកា (កម្ពុជា)៖

FourFourTwo បាន​ទទួល​ស្គាល់​នូវ​ទេពកោសល្យ​របស់​កីឡាករ​ដែល​មាន​រហស្សនាម​ថា CV11 នៅ​ពេល​ដែល​រូបគេ​លេង​ឲ្យ​បឹង​កេត ដែល​បាន​ចូលរួម​កាលពី​ឆ្នាំ២០១២។ វឌ្ឍនាកា បាន​ជួយ​ឲ្យ​ក្រុម​គោព្រៃ​កម្ពុជា ឡើង​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup 2016 ដោយសារ​បាល់​ចំនួន ២គ្រាប់​របស់​គេ។ បច្ចុប្បន្ន ខ្សែ​ប្រយុទ្ធ​រូប​នេះ គ្រាន់តែ​ត្រូវ​បាន​ខ្ចី​ជើង​ដោយ​ក្រុម​មកពី​លីគ​ទី៣​ជប៉ុន Fujieda MYFC ប៉ុណ្ណោះ​។

៣- Theerathon Bunmathan (ថៃ)៖

ខ្សែ​ការពារ​វ័យ២៧​ឆ្នាំ​រូបនេះ ត្រូវ​បាន​ប្រភព​ដដែល​យល់​ឃើញ​ថា សក្ដិសម​នឹង​លីគ​កំពូល​ជប៉ុន។ ​បច្ចុប្បន្ន រូបគេ​កំពុង​លេង​នៅ​ក្រុម Muangthong United ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្នុង​តំបន់​អស់​រយៈ​ពេល​ជាង ៥​ឆ្នាំ​មក​ហើយ។

៤- Evan Dimas (​ឥណ្ឌូណេស៊ី)៖

Dimas មាន​វ័យ២២​ឆ្នាំ លេង​តួនាទី​ជា​ខ្សែបម្រើ។ រូបគេ​បាន​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ នៅ​ក្នុង​ព្រឹត្តិការណ៍ AFC U19 Championships កាលពី​ឆ្នាំ​២០១៤។ ពេលនោះ គេ​រក​បាន ៤​គ្រាប់ ក្នុង ៣​ប្រកួត។ Dimas ក៏​ធ្លាប់​ហ្វឹកហាត់​នៅ​ប្រទេស​អេស្ប៉ាញ​ផង​ដែរ ដោយ​លេង​នៅ​ក្រុម Llagostera និង Espanyol B ។

៥- Safawi Rasid (ម៉ាឡេស៊ី)៖

​ខ្សែ​បម្រើ​ស្លាប​របស់​ក្រុម Johor Darul Ta'zim រូប​នេះ ទើប​តែ​ជួយ​ក្រុម U22 ម៉ាឡេស៊ី ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ​២០១៧ ថ្មី​ៗ​កន្លង​ទៅ។ រូបគេ​ជា​អ្នក​រក​គ្រាប់​ដំបូង ក្នុង​ការ​ប្រកួត​បើកឆាក​របស់​ម៉ាឡេស៊ី ដែល​បាន​យក​ឈ្នះ​ព្រុយណេ ដោយ​លទ្ធផល ២-១ ។ គ្រាប់​បាល់​នោះ បង្ហាញ​ថា Safawi មាន​ទេព​កោសល្យ ទាំង​ផ្នែក​កម្លាំង និង​បច្ចេកទេស៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;