គ.ជ.ប មិន​ទទួល​ចុះ​ឈ្មោះ​បោះឆ្នោត រយៈពេល ៣​ថ្ងៃ

  • 2017-09-14 09:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​១៩ ដល់ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​២០១៧ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​ទទួល​បន្ទុក​ចុះឈ្មោះ​អ្នក​បោះឆ្នោត នៅតាម​ឃុំសង្កាត់ ទាំង ១៦៤៦ ទូទាំង​ប្រទេស បានឈប់​សម្រាក ដូច​មន្ត្រី​រាជការ និង​បុគ្គលិក​ក្រុមហ៊ុន​ដែរ។ ដូច្នេះ ការិយាល័យ​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ទាំងអស់ ត្រូវ​បិទទ្វារ​រយៈពេល ៣​ថ្ងៃ ក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ នា​សប្តាហ៍​ក្រោយ។

បន្ទាប់ពី​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ​កណ្តាល គ.ជ.ប កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧ លោក ហង្ស ពុទ្ធា សមាជិក និងជា​អ្នក​នាំពាក្យ គ.ជ.ប បាន​ថ្លែងទៅ​កាន់​ក្រុម​អ្នក​កាសែតថា «ពេលភ្ជុំ ជា​ថ្ងៃ​បុណ្យ​ជាតិ ដែល​កំណត់​ក្នុង​ប្រតិទិន​របស់​រាជ​រដ្ឋាភិបាល ហើយ​មន្ត្រី​នៃ​ក្រុម​ការិយាល័យ​ចុះឈ្មោះ​អ្នក​បោះឆ្នោត ក៏ជា​អ្នក​កាន់​ពុទ្ធសាសនា​ភាគច្រើន​ដែរ ហើយគាត់​ក៏ត្រូវ​ការ​ពេលវេលា​ជាមួយ​ប្រពន្ធ​កូន ក្រុម​គ្រួសារ​គាត់ដែរ»។

លោក ហង្ស ពុទ្ធា សមាជិក និងជា​អ្នក​នាំពាក្យ គ.ជ.ប
លទ្ធផល​បណ្តោះអាសន្ន​នៃការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និងការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត ឆ្នាំ​២០១៧ ពីថ្ងៃ​ទី១ ដល់ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ត្រូវបាន គ.ជ.ប ប្រកាស​ថា រយៈពេល ១៣ថ្ងៃ​នេះ មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី សរុប​ទូទាំង​ប្រទេស ចំនួន ៨៥៩៧៩​នាក់ ត្រូវជា ៥,២៩% នៃ​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ដែលត្រូវ​ចុះឈ្មោះ​ថ្មី ចំនួន ១,៦លាន​នាក់ នៅ​ទូទាំង​ប្រទេស។ ក្នុងនោះ គ.ជ.ប ក៏បាន​លុប​ឈ្មោះ​អ្នក​បោះឆ្នោត ចេញពី​បញ្ជី​បោះឆ្នោត ចំនួន ២៩៦​នាក់៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;