ចេក​​ណាំវ៉ា ១ស្និត នៅ​ព្រះវិហារ​តម្លៃ ៩០០​រៀល ប៉ុន្តែ​ពេល​ដឹកមក​ភ្នំពេញ តម្លៃ...?

  • 2017-09-15 12:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ពឹង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ​ បានឲ្យដឹងថា ចេក​ណាំវ៉ា ១​ស្និត​មាន​ទម្ងន់​ចន្លោះពី ១គីឡូក្រាម​ ទៅ១​,២គីឡូ​ក្រាម ដោយ​អាច​លក់​ចេញ​ក្នុង​តម្លៃ ៩០០រៀល​ក្នុង ១ស្និត ប៉ុន្ដែ​បើ​នាំចេញ​​មក​ភ្នំពេញ ​តម្លៃ​ចេក​នឹង​មាន​ការកើនឡើង​រហូតដល់​ជិត ២ពាន់​រៀល​ក្នុង ១​ស្និត។

លោកថា​ ឆ្នាំនេះ​ទិន្នផល​ចេក​ណាំ​វ៉ា​ មាន​ការ​កើន​ឡើង​ខ្ពស់ ដោយសារ​តែ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់​ ហើយ​ក្នុង​១​ហិកតា​ ប្រជាកសិករ​អាច​ប្រមូលផល​បាន​ចន្លោះ​ពី ៥លាន​រៀល ទៅ៩ លានរៀល។​

លោក ពឹង ទ្រីដា ​បញ្ជាក់​ថា ខេត្ត​ព្រះវិហារ​មាន​ផ្ទៃ​ដី​ដាំ​ចេក​ជាង ៧ពាន់​ហិកតា ភាគ​ច្រើន​នៅ​ក្នុង​ក្រុង​ព្រះវិហារ ស្រុក​គូលែន និង​ស្រុក​ត្បែង​មានជ័យ ហើយ​ការ​ដាំដុះ​នេះ​ទៀត​សោត​ធ្វើ​ឡើង​ជា​លក្ខណៈ​គ្រួសារ​​ដោយ​គ្មាន​​ក្រុមហ៊ុន​ណាមួយ​វិនិយោគទុន​នោះ​ទេ។

លោក ពឹង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ​

ក្នុង​មួយ​ថ្ងៃ​ខេត្ត​ព្រះ​វិហារ​​​អាច​នាំចេញ​ផ្លែ​ចេក​ណាំវ៉ា​ចំនួន ២០​រថយន្ដ​ធំ ឬ​ប្រមាណ​ជាង ៣០០តោន​ មកកាន់​រាជ​ធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ជិត​ខាង។ ចេក​ណាំ​វ៉ា ​ដែល​ដាំ​ដុះ​នៅ​ខេត្ត​ព្រះវិហារ​មាន​ទំហំ​តូច​​ ប៉ុន្តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​អាច​កែច្នៃ​ធ្វើ​ជា​ចេកឆាប​ ផងដែរ។

លោក ពឹង ទ្រីដា បន្ថែម​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​វិនិយោគ​ចិន​ មួយ​ចំនួន​គ្រោង​នឹង​ទិញ​ទិន្នផល​ចេក​​ណាំ​វ៉ា​​ពី​ខេត្ត​ព្រះវិហារ​ ដើម្បី​នាំចេញ​ទៅក្រៅ​ប្រទេស​ផងដែរ បន្ទាប់ពី​អាជ្ញាធរ​មាន​ទំនាក់​ទំនង​ជាមួយ​ភាគី​ចិន​រួចមក។ ជាមួយគ្នា អាជ្ញាធរ​ក៍​បាន​សហការ​គ្នា​ជាមួយ​ប្រជាកសិករ​បង្កើត​ឲ្យ​​មានការ​ផលិត​​ចេក​ឆាប​នៅ​ក្នុង​តំបន់​បន្ថែម​ទៀត។

សូម​បញ្ជាក់​ថា ខេត្ត​ព្រះវិហារ​មានផ្ទៃ​ដាំ​ដុះ​ដំណាំ​រហូត​ដល់​ទៅជាង ៨ម៉ឺន​ហិកតា។ ក្រៅពី​ដំណាំ​ចេក​ ខេត្ត​ភាគ​ឧត្តរ​ប្រទេស​មួ១​នេះ​ ក៏​មាន​ដាំ​ដំណាំ​ជាច្រើន​ទៀត​ផងដែរ រួមមាន​ដំឡូងមី ស្រូវ ស្វាយចន្ទី​ម្រេច និង ​ល្ពៅ​ជាដើម៕

ប្រភព៖ Sabay News អត្ថបទ៖ រស់ សុជាតិ​

អត្ថបទថ្មី
;