លោក ប្រាក់ សុខុន នឹង​អញ្ជើញ​ទៅ​អាមេរិក ដើម្បីចូលរួមកិច្ចប្រជុំជាច្រើន

  • 2017-09-17 04:27:06
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ នឹង​ដឹកនាំ​គណៈ​ប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម «សម័យ​​​ប្រជុំ​លើក​ទី៧២​ របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ» និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត ដែលនឹង​ប្រព្រឹត្ត​ទៅ ពី​ថ្ងៃទី ១៩ ដល់ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ញ៊ូវយ៉ក សហរដ្ឋអាមេរិក ។

លោក​ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹង​អញ្ជើញ​ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅក្នុង​សម័យ​ប្រជុំ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី​៧២ ដោយផ្តោត​ទៅលើ​សារៈសំខាន់​នៃកិច្ច​ប្រឹងប្រែង​រួមក្នុង​ការ​​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ភេរវកម្ម សមិទ្ធិផល​របស់​កម្ពុជា​ស្តីពី​គោលដៅ​អភិវឌ្ឍន៍​​សហស្ស​​វត្សរ៍ និង​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព។ បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ការ​ព្រួយ​បារម្ភ​រួម និងការ​វិវត្ត​នាពេល​ថ្មីៗ​នៅ​កម្ពុជា ក៏នឹង​ត្រូវបាន​លើក​ឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​នេះដែរ។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស

គណៈ​ប្រតិភូ​កម្ពុជា នឹង​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ប្រទេស​និយាយ ភាសា​បារាំង ចលនា​មិនចូល​បក្ស​សម្ព័ន្ធ សន្និសិទ​ស្តីពី​អន្តរកម្ម និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី កិច្ចសន្ទនា​សហ​ប្រតិ​បត្តិ​ការនៅ​អាស៊ី ក្រុម​ប្រទេស​៧៧ ប្រទេស​ដែលមាន​ការ​អភិវឌ្ឍ​យឺត កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​របស់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ជាមួយ​ប្រធាន​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

នៅក្នុង​ឱកាស​ចូលរួម​សម័យ​ប្រជុំ​លើកទី​៧២ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នេះដែរ លោក ប្រាក់ សុខុន ក៏នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​សមភាគី​របស់​លោក​ពី​ គុយបា កូឡុំប៊ី ប្រេស៊ីល ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​ឥស្សរ​ជន​ដទៃ​ទៀ​ត។

លោក​ទេសរដ្ឋមន្រ្តី ក៏នឹង​ចុះ​ហត្ថលេខា​ជាមួយ​សមភាគី​របស់​លោក​មកពី​ប្រទេស​ប្រេស៊ី​ល និង​កូឡុំប៊ី លើ​ឯកសារ​ចំនួន២ ខាងក្រោម៖

១. កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល និង​រដ្ឋាភិបាល​នៃ​ព្រះរាជាណា​​ចក្រ​កម្ពុជា​ ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​បច្ចេកទេស។

២. កិច្ចព្រមព្រៀង​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូឡុំប៊ី ស្តីពី​ការ​លើកលែង​ទិដ្ឋា​ការ​សម្រាប់​អ្នក​កាន់​លិខិត​ឆ្លងដែន​ការទូត និង​ផ្លូវការ៕


អត្ថបទ៖ សោភា