មុន​ទិញ​ដីឡូត៍ គួរ​ដឹង​ពី​បញ្ហា​ទាំង​នេះ​សិន

  • 2017-09-21 07:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ចរាចរ​ដី​ឡូត៍​ពុះ​លក់​ កំពុង​តែ​បង្កើន​ល្បឿន​ជុំវិញ​ទីក្រុង​ភ្នំពេញ​ ខណៈ​ច្បាប់​គ្រប់គ្រង​អ្នក​លក់​ដីឡូត៍​ទាំង​នោះ​ មិន​ទាន់​មាន​នៅ​ឡើយ​នៅ​កម្ពុជា​។ ​ជាមួយគ្នានេះ​ លោក វ៉ា វីរៈ ​អ្នក​ជំនាញ​ក្នុងវិស័យ​អចលនទ្រព្យ​ បាន​ប្រាប់​​ថា​ ​បច្ចុប្បន្ន​ដីឡូត៍​ពុះលក់​ កំពុង​ផ្ទុះ​ឡើង​ស្ទើរ​ប្រហាក់​ប្រហែល​គ្នា​នៅ​តំបន់​ក្បែរៗ​រាជ​ធានី​ភ្នំពេញ​។​​ លោក​ថា​​តំបន់​ដែល​ពុះ​កញ្រ្ចោល​ខ្លាំង​ ភាគ​ច្រើន​នៅ​ប៉ែក​ខាង​ជើង​ ខាង​ទំនប់​កប់​ស្រូវ​ ភ្នំពេញថ្មី​ និង​តំបន់​ប៉ែក​ខាង​ត្បូង​ ដូច​ជា​នៅ​ខាង​ខណ្ឌ​ដង្កោ​ ផ្លូវវែង​ស្រេង​ជាដើម​។

លោក​ វីរៈ ​បាន​រៀប​រាប់​ថា ​ជារឿយៗ ​អ្នក​ដែល​ទិញ​ដីឡូត៍​ មិន​សូវ​បាន​ស្វែង​យល់​ស៊ី​ជម្រៅ ថា​តើ​តំបន់​ដី​នោះ​នឹង​មាន​ការអភិវឌ្ឍន៍​ក្នុង​ពេលបច្ចុប្បន្ន ​និង​អនាគត​កម្រិត​ណា​នោះ​ទេ​។ ​មួយ​វិញ​ទៀត​នោះ​ ពាក់ព័ន្ធ​ផ្លូវ​ច្បាប់​ អ្នកទិញ​ក៏​មិន​ទាន់​ច្បាស់​ថា​ខ្លួនមាន​សិទ្ធិ​កម្រិត​ណា​ ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​កម្ម​សិទ្ធិ​ផងដែរ​។

ទន្ទឹម​គ្នានេះ​ ​អ្នក​នាញ​បនេះ​បាន​ផ្ដល់​ដំបូន្មាន​ថា​៖ " ​មុន​នឹង​សម្រេច​ចិត្ត​ថា​ទិញ​ដី​នៅ​តំបន់​ណា​មួយ​ គួរសាកសួរ​ និង​សិក្សា​បន្ថែម​ថាតំបន់(ហ្នឹង)​នឹង​គម្រោង​អ្វី​អភិវឌ្ឍ​នា​ពេល​ខាង​មុខ​ដែរ​ឬទេ មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​ហើយឬនៅ?”។ ​លោក​បន្តថា​ គម្រោង​អភិវឌ្ឍន៍​ អាច​ជា​គម្រោង​ពី​រដ្ឋាភិបាល​ ពី​វិស័យ​ឯកជន​ ដែល​មក​សាង​សង់​ ឬ​បង្កើត​ផ្សារ​ទំនើប ​កន្លែង​កម្សាន្ត​ អគារពាណិជ្ជកម្ម ​ឬ​គម្រោង​ផ្សេងៗ​។

​ដោយ​ឡែក​ កត្តា​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ ​លោកថា​អ្នកទិញ​​ត្រូវតែ​ពិនិត្យ​មើល​ថា​មាន​ប្រព័ន្ធ​ទឹក​ភ្លើង​ ​ប្រព័ន្ធ​លូ​ កន្លែងចាក់​សំរាម​​ដែរទេ។ លោក​បញ្ជាក់​ថា ​បើ​គ្មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់គ្រាន់​ទេ​ អ្នក​ទិញ​អាច​ជួយបបញ្ហាស្ទះលូ និងសម្រាម​នៅ ​៣ ទៅ ៥ឆ្នាំ​ក្រោយ ​ជា​មិនខាន​។

ក្រៅ​ពី​នេះ​ អ្នក​ជំនាញ​ខាងលើ​ ក៏បាន​ណែនាំដល់​អ្នកទិញដីឡូត៍​ដោយ​បង់រំលស់​ ឬ​មិន​បង់​រំលស់​ក៏ដោយ​ ត្រូ​វ​តែ​សុំ​សិទ្ធិ​កាន់​កាប់​ក្បាល​ដី​ផ្ទាល់​ខ្លួន​។ ​មាន​ន័យ​ថា​ អ្នក​ទិញ​ត្រូវ​សុំ​ឲ្យ​អ្នក​លក់​ធ្វើ​ប្លង់​បំបែក​កម្ម​សិទ្ធិ​​ បញ្ជាក់​ពី​អាជ្ញាធរ​ក្នុង​តំបន់​នោះ​ឲ្យ​បាន​ដឹង​ឮ​ ដើម្បី​ការពារ​ហានិភ័យ​។ ​លោក​គូស​បញ្ជាក់​ថា៖ "​អ្នក​លក់​ខ្លះ​មិន​ល្អ ​អាច​យក​ប្លង់​ដី​ទាំង​នោះ​ទៅ​បញ្ជាំ​នៅ​ធនាគារ ​យក​ប្រាក់​ទៅ​ធ្វើអ្វី​ផ្សេង​បន្ថែម​ ​ហើយ​ប្រសិន​បើ​បញ្ហា​កើត​ ដី​ទាំង​នោះ​នឹង​ត្រូវ​ធនាគារ​រឹបអូស.​.. តែ​យើង​មិន​ដឹង​នោះ ​យើង​ប្រាកដ​ជាស៊យ​ជា​មិន​ខាន​"៕​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី
;