ការ​លើកឡើង​របស់ Leo លើ​បញ្ហា​របស់ CV11 អាច​ជា​យុទ្ធសាស្ត្រ​មុន​ជួប​វៀតណាម?

  • 2017-10-07 03:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​បញ្ចប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​លើកឡើង​ពី​បញ្ហា​របស់​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែល​លោក​បាន​ប្ដូរ​ចេញ​នៅ​ពាក់​កណ្ដាល​តង់​ទី​ពីរ ហើយ​នេះ​គឺ​ក៏​អាច​ជា​យុទ្ធសាស្ត្រ​របស់​លោក ដើម្បី​​បង្វែង​​គូ​ប្រកួត​ ដូច​កាល​មុន​ស៊ីហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​ ផង​ដែរ។

អតីត​គ្រូបង្វឹក​ក្រុម Lanexang United របស់​ឡាវ​រូប​នេះ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កម្ពុជា ចាញ់​ឥណ្ឌូណេស៊ី ៣-១ ​ថា ការ​ប្ដូរ​កីឡាករ​សំខាន់​ដែល​តែងតែ​រក​គ្រាប់​បាល់​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា ព្រោះ​រូបគេ​កំពុង​មាន​បញ្ហា​សាច់ដុំ។ បន្ថែម​ពី​នេះ លោក​បន្ត​ថា កីឡាករ​ដែល​កំពុង​រួម​រស់​ជាមួយ​ក្លឹប Fujieda MYFC ដដែល ហាក់​មាន​ចលនា​បម្លាស់ទី​យឺត​ជាង​មុន។ ការ​បញ្ជាក់​របស់​លោក​នេះ ធ្វើឡើង​មុន​ការ​ប្រកួត​វគ្គ​ជម្រុះ ពានរង្វាន់ AFC Asian Cup 2019 ទល់នឹង​ក្រុម​ជម្រើស​ជាតិ​វៀតណាម។

ដូចគ្នា​នេះ​ដែរ កាលពី​មុន​ជំនួប​ជាមួយ​ក្រុម U22 ហ្វីលីពីន នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម ប្រទេស​ម៉ាឡេស៊ី ​នាខែ​សីហា​​កន្លងទៅ លោក Leo ដែល​បាន​ដឹកនាំ​ក្រុម U22 កម្ពុជា ក៏​ធ្លាប់​និយាយ​ដែរ​ថា ខ្សែបម្រើ​ ច្រឹង ពលរដ្ឋ បាន​ជួប​នឹង​បញ្ហា​របួស ហើយ​អាច​ត្រូវ​អវត្តមាន ១-២ ប្រកួត​នៅ​ស៊ីហ្គេម។ ប៉ុន្តែ​ជាក់ស្ដែង លោក​បាន​ដាក់​កីឡាករ​រូបនេះ​ឲ្យ​ចូល​លេង​បាន​ដោយ​ធម្មតា។

កម្ពុជា នឹង​ទៅ​សួរ​សុខ​ទុក្ខ​វៀតណាម ក្នុង​ការ​ប្រកួត​ទី​បួន វគ្គ​ជម្រុះ AFC Asian Cup 2019 នៅ​ថ្ងៃ​ទី១០ ខែ​តុលា ខាងមុខ​នេះ វេលា​ម៉ោង ៧ យប់។ ទោះ​ជា​យ៉ាង​ណា មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ស្ថានភាព​របស់​កីឡាករ​ដែល​មាន​រហស្សនាម​ថា CV11 នៅ​ឡើយ​ទេ ដូច្នេះ​គេ​ត្រូវ​ចាំ​មើល​ជាក់ស្ដែង​នៅ​ថ្ងៃ​ដែល​ការ​ប្រកួត​ចូល​មក​ដល់៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;