ការ​យក​ពន្ធ​លើ​វិស័យ​ភាពយន្ត​ខ្មែរ ជាក្តី​កង្វល់​របស់​ផលិតករ​ជាច្រើន​នាក់

  • 2017-10-09 07:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ផលិតករ​ជា​ច្រើន​នាក់​បាន​ជួប​ជុំ​​ពិភាក្សា​​គ្នា​​​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ក្នុង​គោល​បំណង​បង្ហាញ​ក្ដី​កង្វល់​របស់​ខ្លួន​ជុំវិញ​ការ​យក​ពន្ធ​​​ទៅ​លើ​បុគ្គលិក​ទាំង​អស់​ដែល​ជាប់​កាតព្វកិច្ច​បម្រើ​វិស័យ​ភាព​យន្ត​។

ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​​ខាង​លើ​លោក ឆាយ បូរ៉ា ចាងហ្វាង​ផលិត​កម្ម​ដើម​ត្នោត​បាន​លើក​ឡើង​ថា តាម​ការ​ពន្យល់​ពី​មន្ត្រី​ពន្ធដារ​នា​ពេល​ថ្មីៗ​នេះ ​​រាល់​បុគ្គលិក​ដែល​បម្រើ​ក្នុង​វិស័យ​ភាព​យន្ត​ដែល​ទទួល​បាន​ប្រាក់​បៀវត្ស​ទាំង​អស់​ ត្រូវ​មាន​កាតព្វកិច្ច​​បង់​ពន្ធ​ជូន​ទៅ​រដ្ឋ​ មិន​ថា​អ្នក​និពន្ធ ក្រុម​អ្នក​កាត់​ត​វីដេអូ​ ​​ឬ​តារា​សម្ដែង​ភាព​យន្ត​ឡើយ​។

លោក ឆាយ បូរ៉ា ចាងហ្វាង​ផលិត​កម្ម​ដើម​ត្នោត​
លោក​ថា​៖​ «***ទោះ​បី​ជា​យើង​ជួល​សិល្បករ​ ឲ្យ​ពួក​គាត់​មក​សម្ដែង ១​ ភាគ​ ឬ​ ១ឆាក ​ក៏​ខាង​ពន្ធដារ​​តម្រូវ​ឲ្យ​យើង​កាត់​ពន្ធ​​ពី​សិល្បករ​ហ្នឹង​ទុក​ដែរ​ អ៊ីចឹង​ហើយ​ទើប​យើង​ហៅ​សមាគម​​សិល្បករ​ឲ្យ​គាត់​មក​ចូល​រួម​​ឲ្យ​ដឹង​ពី​បញ្ហា​ហ្នឹង​ ក្នុង​គោល​បំណង​ជួយ​ផ្សព្វ​ផ្សាយ​ និង​ពន្យល់​សិល្បករ​ភាព​យន្ត​ទាំង​​អស់ បើ​គាត់​មិន​យល់​ពី​បញ្ហា​ហ្នឹង​ទេ​ គាត់​អត់​បង់​ពន្ធ​ទេ***»។

បន្ថែម​ពី​នេះ​លោក​​ និង​ផលិតករ​ផ្សេង​ទៀត​សូម​ស្នើ​សុំ​ដល់​​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ​ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល​​ឲ្យ​ជួយ​អនុ​គ្រោះ​ទៅ​លើ​ការ​បង់​ពន្ធ​​​​លើ​វិស័យ​ភាព​យន្ត​ខ្មែរ​ ដោយ​បន្ថយ​មក​នៅ​ត្រឹម​​​ ៥ ទៅ​​ ១០ ឆ្នាំ​ ចាំ​បង់​ពន្ធ​ម្ដង​ ឬ​មិន​បាច់​បង់​ពន្ធ​តែ​ម្ដង​​​ ពី​ព្រោះ​វិស័យ​ភាព​យន្ត​ គឺ​ជា​ផ្នែក​មួយ​ជួយ​ទ្រទ្រង់​វិស័យ​វប្បធម៌​ឲ្យ​កាន់​តែ​រីក​សុះសាយ​ និង​ទូលំទូលាយ​។

ដោយ​ឡែក​ លោក កុយ ស៊ីឌឿន ​​ជា​ក្រុមប្រឹក្សាភិបាល​​ សមាគម​សិល្បករ​ខ្មែរ​ ​បាន​សុំ​អំពាវ​នាវ​​ដល់​​ប្រមុខរដ្ឋាភិបាល​ឲ្យ​ជួយ​បន្ធូរបន្ថយ​ទៅ​លើ​ការ​យក​ពន្ធ​ពី​ផលិតករ​ និង​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​បម្រើ​ឲ្យ​វិស័យ​ភាព​យន្ត​ ព្រោះ​អាជីព​ជា​ផលិតករ​ និង​អ្នក​សម្ដែង​មិន​ទៀង​ឡើយ​ ជួន​កាល​១​ឆ្នាំ​ថត​បាន​ ១​រឿង​ក៏​មាន​ ចំណែក​ខ្លះ​ទៀត​អត់​មាន​សោះ​ក៏​បាន​ដែរ​។

លោក កុយ ស៊ីឌឿន ​​ជា​ក្រុមប្រឹក្សាភិបាល​​ សមាគម​សិល្បករ​ខ្មែរ​ (ឆ្វេង)

លោក​​បាន​មាន​ប្រសាសន៍​ថា​៖​ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋ​​កំណត់​ពន្ធ​ លើ​ផលិតកម្ម​ទាំង​អស់​ហ្នឹង​​ពី​ខ្នាត​មធ្យម​មក​ត្រឹម​ខ្នាត​តូច​បាន​ហើយ ពី​ព្រោះ​ខ្នាត​មធ្យម​យើង​ត្រូវ​តែ​រាយ​ការណ៍​របាយ​ការ​ណ៍ពន្ធ​ហ្នឹង​រៀង​រាល់​ខែ​ អំពី​ប្រាក់​ចំណូល​ និង​ចំណាយ​ ហើយ​ផលិតកម្ម​ភាគ​ច្រើន​គាត់​អត់​មាន​បុគ្គលិក​ទេ គាត់​អត់​មាន​អាជីវកម្ម​អ្វី​ដែល​ធ្វើ​រៀង​រាល់​ខែ​ដែរ​ គាត់​មិន​អាច​ប្រកាស​ពន្ធ​រៀង​រាល់​ខែ​បាន​ទេ»។ ​​​​​

ហេតុ​ផល​ដែល​លោក​ស្នើ​សុំ​ឲ្យ​រដ្ឋ​​កំណត់​ពន្ធ​ ចំពោះ​ផលិតកម្ម​ទាំង​អស់​​ពី​ខ្នាត​មធ្យម​មក​ខ្នាត​តូច​ដោយ​សារ​​តែ​អាជីវកម្ម​ខ្នាត​តូច​មួយ​ឆ្នាំ​ប្រកាស​ពន្ធ​ម្ដង។ ទាក់​ទង​គម្រោង​​ក្នុង​ការ​​ដាក់​​លិខិត​ស្នើសុំ​ទៅ​​ក្រសួង​វប្បធម៌​ ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ លោក​ និង​ផលិតករ​មួយ​ចំនួន​ទៀត​ នឹង​ដាក់​ក្នុង​ពេល​ឆាប់​ៗ​ ដើម្បី​​ឲ្យ​ពួក​គេ​បង្ហាញ​ពី​ក្ដី​កង្វល់​របស់​ខ្លួន​​ចំពោះ​ការ​យក​ពន្ធ​៕

ប្រភព៖ Sabay News អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី
;