អូស្រ្ដាលី ព្រួយ​បារម្ភ​​ចំពោះ​ការស្នើឲ្យមានការរំលាយ​​គណបក្ស​សង្រ្គោះជាតិ

  • 2017-10-12 04:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូត​អូស្រ្ដាលី ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ ចុះ​ថ្ងៃ​ទី១១ ខែ​តុលា​ម្សិលមិញ​នេះ ដោយ​បង្ហាញ​ការ​​​ព្រួយ​បារម្ភ​ជុំវិញ​ការ​វិវត្ត​នយោបាយ​កម្ពុជា នា​ពេល​ថ្មីៗ​នេះ។

ស្ថាន​ទូត​អូស្រ្ដាលី បាន​បញ្ជាក់​​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា៖ "សកម្មភាព​ថ្មី​បំផុត​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​បន្ត​ទៀត។ ការឈាន​ទៅ​រក​ការ​លុប​ចោល​គណបក្ស​ប្រឆាំង​ធំ​ចម្បង​ នឹង​ក្លាយ​ជា​ជំហាន​ថយ​ក្រោយ​មួយ​នៅ​ក្នុង​ដំណើរ​លទ្ធិ​ប្រជា​ធិបតេយ្យ ព្រម​ទាំង​ជះ​ឥទ្ធិពល​ដល់​ការ​ទទួល​បាន​ការ​បោះឆ្នោត​ជាតិ​ដែល​សេរី និង​យុត្តិធម៌ និង​មាន​តម្លា​ភាព នា​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ"។

ក្រុម​តំណាងរាស្រ្ដគណបក្ស​សង្រ្គោះជាតិ
នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល ស្ថានទូត​អូស្រ្ដាលី ​បន្ថែម​ថា៖ "ការប្តេជ្ញា​ចិត្ត​ដ៏រឹងមាំ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ចំពោះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ពហុបក្ស បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត និង​លទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ នា​ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ"។

ស្ថានទូត​អូស្រ្ដាលី ក៏​បាន​បញ្ជាក់​ផង​ដែរថា អូស្រ្ដាលីនឹង​​​បន្ត​លើក​ទឹក​ចិត្ត​ដល់​កម្ពុជា​ក្នុង​ការ​ផ្តល់​នូវ​បរិយាកាស​អំណោយ​ផល និង​ប្រកប​ដោយ​សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា ដើម្បី​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ និង​ការ​ប្រមូលផ្តុំ។ វិស័យ​សារព័ត៌មាន​ដែល​រស់រវើក សង្គម​ស៊ីវិល​ដែល​សកម្ម និង​គណបក្ស​ប្រឆាំង​ដែល​អាច​ជឿជាក់​បាន ជា​សមាសធាតុ​នៃ​សង្គម​ប្រជាធិបតេយ្យ។

នេះជា​ការ​សម្ដែង​ការ​ព្រួយ​បារម្ភ​ថ្មី​មួយ​ទៀត​ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ កាលពី​ថ្ងៃ​ទី៩ ខែ​តុលា​កន្លង​ទៅ សភា​អឺរ៉ុប ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;