កញ្ញា ប៊ូប៊ី ស្ទេឡា ឈាន​ជើង​ចូល​វិថី​សិល្បៈ​ដោយ​ក្ដី​រំពឹង​ខ្ពស់ ទោះ​គ្មាន​បទ​ពិសោធន៍​សម្ដែង

  • 2017-10-12 12:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយពី​ប្រឡង​បាក់ឌុបចប់ កញ្ញា ប៊ូប៊ី ស្ទេឡា បាន​សម្រេច​ចិត្ត​បោះ​ជំហាន​ប្រឡូក​​សិល្បៈ​តាម​ក្ដីស្រមៃ​របស់​ខ្លួន។ បើទោះ​​ជាទើប​ចូល​សម្ដែងលើកដំបូង​ក្នុង​រឿង ”ក្រោម​មេឃ​តែមួយ” ក្ដី​ ក៏​តារា​វ័យ​ក្មេង​រូបនេះ បាន​បង្ហាញ​ក្ដីរំពឹង​ខ្ពស់​ថា​ជំហាន​ចូល​សិល្បៈ​របស់​ខ្លួន​ នឹង​ទទួល​ជោគជ័យ​នាពេល​ឆាប់ៗ​ខាងមុខ។

តារា​សម្ដែង​វ័យ ២០ឆ្នាំរូបនេះ បញ្ជាក់​ថាការបោះ​ជំហាន​ចូល​សិល្បៈ​របស់​កញ្ញា គ្មាន​នរណា​ម្នាក់​ជំរុញ​លើក​ចិត្តទេ គឺជា​ក្ដី​ស្រមៃ និងការ​ស្រលាញ់​របស់​ខ្លួន​នាពេល​កន្លង​មក។

កញ្ញា​ស្ទេឡា បញ្ជាក់​ថាខ្លួន​ពិត​ជា​រំភើប​រីករាយ​ណាស់ ដោយសារ​ការសម្ដែង​លើកដំបូង​នេះ បាន​ទទួល​ការកោត​សរសើរ​ពី​ផលិតករ និង​អ្នក​ជុំវិញ​ខ្លួន បើ​ទោះ​ជា​មិន​ធ្លាប់​ប្រឡូក​ក្នុង​អាជីព​នេះ​ពី​មុន​មក​ក្ដី។ កញ្ញា​​ថា​លទ្ធផល​​ផ្លែផ្កានេះ គឺ​កើត​ចេញ​ពី​ការ​ខិតខំ​ស្រាវជ្រាវ មិន​មាន​អ្នក​ណា​បង្ហាត់​បង្ហាញ​នោះទេ។

តារាសម្ដែងមានប្រភព​នៅ​ភ្នំពេញ​រូបនេះ ជឿជាក់​ថា​អាជីព​សិល្បៈ​របស់​ខ្លួន នឹង​រីកចម្រើន​ឆាប់​រហ័ស មិនចាញ់​តារា​រៀម​ច្បង​ឡើយ។

បើទោះជា​រំពឹងថា​ការ​ប្រឡូក​ចូល​សិល្បៈ​អាច​នឹង​មាន​ផ្លែផ្កា​បែប​នេះ​ក្ដី ក៏ ប៊ូប៊ី ស្ទេឡា នៅតែ​ចង់​ពង្រឹង​ការសិក្សា​នៅមហា​វិទ្យាល័យ​នោះដែរ ដោយ​មិនបោះបង់​ការសិក្សា​ចោល​ទេ ព្រោះ​កញ្ញា​យល់​ថា​ការសិក្សា​អាច​នឹងជួយ​លើកស្ទួយ​អាជីពជាអ្នកសិល្បៈ​​របស់​ខ្លួន ឲ្យ​​កាន់តែប្រសើរ​ទៅមុខ​ថែម​ទៀត។

គួរ​បញ្ជាក់​ថា ខ្សែ​ភាពយន្ត​រឿង "ក្រោមមេឃ​តែមួយ” ​កំពុង​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន។ ខ្សែភាពយន្ត​នេះ​ចូលរួម​សម្ដែង​ ដោយ​តារា​យុវវ័យ​ប្រមាណ ២០នាក់៕

អត្ថបទ៖ ចរិយា

អត្ថបទថ្មី
;