លោក​ផៃ ស៊ីផាន ប្រតិកម្ម​នឹង​ការ​ព្រួយ​បារម្ភ​របស់​អូស្រ្ដាលី ជុំវិញស្ថានភាព​​នយោបាយ​កម្ពុជា

  • 2017-10-12 13:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​ឆ្លើយតប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​ស្ថានទូត​អូស្ត្រាលី ជុំវិញ​ស្ថានការណ៍​នយោបាយ​កម្ពុជា ដែល​ថា​​​ការ​លុប​ចោល​គណបក្ស​ប្រឆាំង នឹង​ក្លាយ​ជាជំហាន​ថយក្រោយ​មួយ​នៅ​ក្នុង​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ។

អ្នក​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃទី១២ ខែតុលា​នេះថា "ការ​ព្រួយ​បារម្ភ​នេះ មិន​អាច​ទុក​ថាជា​ការ​ត្រឹមត្រូវ​ទេ ហើយ​អូស្ត្រាលី​ជាដៃ​គូ​អភិវឌ្ឍន៍ ក៏ដូច​ជា​ដៃគូ​នៅ​ក្នុង​ការ​ពិភាក្សា ច្បាស់​ជាយល់​ពីបំណង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ ឈរ​ទៅ​លើ​សន្តិភាព សន្តិសុខ​ជាតិ និង​​វិបុលភាព។ ដូច្នេះ​បំណង​របស់​កម្ពុជា គឺចង់​បាន​ដូចជា​ប្រជា​ជាតិ​ដទៃ និង​មិន​ចង់​បាន​គណបក្ស​ណាមួយ​ដែល​ជា​អាយ៉ង​របស់​បរទេស"។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា (រូបភាព៖ RFA)
លោក​ផៃ ស៊ីផាន បាន​​អរគុណ​អូស្ត្រាលី​ចំពោះ​ការ​ព្រួយ​បារម្ភ​មក​លើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា តែ​យ៉ាង​ណាក្ដី លោក​បញ្ជាក់ថា ​ការ​បារម្ភ​នេះ ជា​ការ​បារម្ភ​មួយ​ដែល​មិន​ឃើញ​ច្បាស់​ដូច​កម្ពុជា​ផ្ទាល់​ខ្លួន​ទេ។

លោកបន្ថែម​ទៀត​ថា៖ "យើង​លុប​បំបាត់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​គណបក្ស​នេះ​អត់​មាន​វប្បធម៌ ឬ​ក៏​មាន​និន្នាការ​ប្រជាធិបតេយ្យ​នោះ​ទេ គឺគេ​មាន​និន្នាការ​ឧទ្ទាម​ច្រើន​ជាង​អ្នក​ធ្វើ​នយោបាយ"។

គួរ​រំលឹក​ផង​ដែរថា ស្ថានទូត​អូស្រ្ដាលី ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១១ តុលា​ម្សិលមិញ​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ​ដោយ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជុំវិញ​ស្ថានភាព​នយោបាយ​កម្ពុជា ដោយ​បាន​បញ្ជាក់​ថា៖ "សកម្មភាព​ថ្មី​បំផុត​ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ បាន​បង្ក​ឲ្យមាន​ការព្រួយ​បារម្ភ​ជា​បន្ត​ទៀត។ ការឈាន​ទៅ​រក​ការ​លុបចោល​គណបក្ស​ប្រឆាំង​ធំ​ចម្បង នឹង​ក្លាយ​ជាជំហាន​ថយក្រោយ​មួយ​នៅ​ក្នុង​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ...”៕

ចុច​អាន​អត្ថបទ​ទាក់ទង៖ អូស្រ្ដាលី ព្រួយ​បារម្ភ​​ចំពោះ​ការស្នើឲ្យមានការរំលាយ​​គណបក្ស​សង្រ្គោះជាតិ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;