រាជរដ្ឋាភិបាល នឹង​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះបរម​រតនកោដ្ឋ

  • 2017-10-12 13:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ បាន​ប្រកាស​ថា នៅព្រឹក​ថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៧ រាជរដ្ឋាភិបាល នឹងរៀប​ចំពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបរម​រតនកោដ្ឋ ព្រះករុណា អតីត​ព្រះមហាក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ គម្រប់ ៥ឆ្នាំ។

គណ:កម្មាធិការរៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ បាន​ណែនាំ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន និង​រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​គណ:ប្រតិភូ​ថ្វាយកម្រង​ផ្កាព្រះវិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបរម​រតនកោដ្ឋ នៅមណ្ឌល​សួនច្បារ នៅខាងកើត​វិមានឯករាជ្យ នៅ​ព្រះបរមរូប​របស់​ព្រះអង្គ នា​ថ្ងៃទី១៥ ខែតុលា វេលា​ម៉ោង ៧ព្រឹក​តទៅ។

ប្រជា​ពលរដ្ឋ នាំ​គ្នា​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបរម​រតនកោដ្ឋ កាលពី​ឆ្នាំ​២០១២
ជាមួយ​គ្នានោះ ស្ថាប័ន រាជធានី និងគ្រប់ខេត្ត ត្រូវដាក់​តាំង​ព្រះបរម​ឆាយល័ក្ខណ៍ ព្រះករុណា​ព្រះបរម​​រតនកោដ្ឋ ដោយ​ប្រើ​ព្រះបរម​ឆាយល័ក្ខថ្មី មិនស្លក់​ពណ៌ បំភ្លឺភ្លើង និង​តុបតែង​លម្អ​ទង់ជាតិ ទង់ក្អែប បដា​ពាក្យស្លោក ឲ្យបាន​សមរម្យ។

ក្នុងនោះ​ដែរ គណ:កម្មាធិការរៀបចំ​បុណ្យ​ជាតិ និងអន្តរជាតិ ក៏បាន​ណែនាំ​ឲ្យក្រសួង​ព័ត៌មាន រៀបចំ ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​តាម​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន អំពី​ព្រះរាជ​ជីវប្រវត្តិ ព្រះរាជ​សកម្មភាព និង​ស្នាព្រះហស្ថ​របស់​ព្រះករុណា​ព្រះបរម​រតនកោដ្ឋ​ជាទី​គោរព​សការ:ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​ជាតិ សាសនា និង​ប្រជារាស្ត្រ។

សូម​បញ្ជាក់ថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ បានយាង​ចូល​ទិវង្គត នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុង​ព្រះជន្មាយុ ៩០ព្រះវស្សា ដោយ​ទទួល​បរមបច្ឆា​មរណនាម “ព្រះបរមរតនកោដ្ឋ”៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;