CNRP មិនគាំទ្រ​ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ពាក់ព័ន្ធ​ការ​បែង​ចែក​អាសនៈ​

  • 2017-10-17 09:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​សង្រ្គោះជាតិ នៅ​ថ្ងៃ​ទី១៧ ខែ​តុលា​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មិន​គាំទ្រ ចំពោះ​ការ​អនុម័ត​​របស់​រដ្ឋ​សភា ចំពោះ​សេចក្ដី​ស្នើ​ច្បាប់​ចំនួន ៤។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​​នោះ គណបក្ស​សង្រ្គោះជាតិ បាន​លើក​ហេតុផលថា​ ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ទាំង ៤ គឺ​ជា​ការ​រំលោភ​លើ​ឆន្ទៈ​ពលរដ្ឋ រំលោភ​រដ្ឋធម្មនុញ្ញ និង​ជា​ការ​ឆ្ពោះ​ទៅរក​ការ​ធ្វើ​ឲ្យ​បាត់បង់​ភាពស្របច្បាប់​នៃ​ស្ថាប័ន​ជាតិ​សំខាន់ៗ។

គណបក្ស​សង្រ្គោះជាតិ បាន​អំពាវ​នាវ​ឲ្យ​ស្ថាប័ន​ជាតិ​​ដែលមាន​សមត្ថកិច្ច​ក្នុង​ការ​អនុម័ត​ច្បាប់ ឲ្យ​ពិនិត្យ និង​ពិចារណា​ឡើង​វិញ ដើម្បី​គោរព​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ។ គណបក្ស​នេះ​ក៏​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ ពិចារណា​ឲ្យ​បាន​ដិតដល់​មុន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ដែល​ខ្លួន​ចាត់​ទុក​ថា​មិន​ស្រប​ច្បាប់​​ផង​ដែរ។

គួរ​រម្លឹក​ផង​ដែរថា រដ្ឋសភា​បាន​​អនុម័ត​​ទាំង​ស្រុង​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ចំនួន​ ៤ ពាក់ព័ន្ធ​នឹង​ការ​បែងចែក​អាសនៈ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា។ សេចក្ដី​ស្នើ​ច្បាប់​ទាំង ៤ មាន​ដូចជា វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ដ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង​ ស្រុក​ ខណ្ឌ៕

រដ្ឋសភា​អនុម័ត​សេចក្ដី​ស្នើច្បាប់​ទាំង ៤

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;