កាំកុងត្រូលស្នើ​ពលរដ្ឋ​ កុំ​ឱ្យ​ទិញ​ផលិតផល​ត្រី Tuna ច្រក​ក្នុង​កែវ​មាន​គម្រប

  • 2017-10-17 09:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្ដី​ប្រកាស​ដល់​សាធារណជន ពាណិជ្ជករ​នាំ​ចូល អាជីវករ​លក់​ដុំ​លក់​រាយ ឲ្យ​បាន​ដឹង​ថា ផលិតផល​ត្រី Tuna ច្រក​ក្នុង​កែវ​មាន​គម្រប អាច​បង្ក​គ្រោះថ្នាក់​បាន​ដល់​សុខភាព។

មូលហេតុ​ត្រូវ​កាំកុងត្រូល​លើក​ឡើង​ថា ក្រុមហ៊ុន Conserverie Chancerelle បាន​ប្រមូល​មក​វិញ​នូវ​ផលិតផល​ត្រី Tuna កែវ​មាន​គម្រប ពី​ទីផ្សារ​ប្រទេស​បារាំង បន្ទាប់​ពី​រក​ឃើញ​មាន​បំណែក​ដុំ​កែវ​នៅ​ក្នុង​ផលិតផល​នេះ។ បំណែក​ដុំ​កែវ​នេះ អាច​បង្ក​ឲ្យ​អ្នក​បរិភោគ​រង​របួស​មាត់ បំពង់​ក ឬ​ពោះវៀន​ជា​ដើម។

ជុំវិញ​បញ្ហា​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​និង​កំពុង​ចាត់​វិធានការ​ដូច​ជា៖

  • រាំង​ខ្ទប់​មិន​ឲ្យ​នាំ​ចូល​ផលិតផល​ដូច​បាន​អធិប្បាយ​ខាង​លើ។

  • ផ្ដល់​ព័ត៌មាន​ដល់​ក្រុមហ៊ុន​នាំ​ចូល អាជីវករ​លក់​ដុំ​និង​រាយ ក្នុង​ករណី​មាន​ការ​នាំ​ចូល ឬ​ចរាចរណ៍​លើ​ទីផ្សារ។

  • ត្រួត​ពិនិត្យ​នៅ​តាម​ទីផ្សារ​ធំ-តូច ផ្សារ​ទំនើប ដើម្បី​សម្រប​សម្រួល និង​មាន​វិធានការ​តាម​នីតិវិធី ប្រសិន​បើ​មាន​ការ​ដាក់​តាំង​លក់​ផលិតផល​ខាង​លើ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;