កីឡាករ​សំខាន់​របស់​មីយ៉ាន់ម៉ា ពេល​ប៉ះ​កម្ពុជា មាន​នរណា​ខ្លះ​?

  • 2017-11-07 07:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា លោក Gerd Zeise បាន​កោះ​ហៅ​កីឡាករ​ចំនួន ២៣​នាក់ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នា​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ក្នុង​នោះ គេ​សង្កេត​ឃើញ​កីឡាករ​សំខាន់ ៣​រូប ដែល​កម្ពុជា គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន។

ក្រុម​ជម្រើសជាតិ​មីយ៉ាន់ម៉ា
**១- ខ្សែប្រយុទ្ធ Aung Thu របស់​ក្លឹប​បាល់ទាត់ Yadanarbon FC**

កីឡាករ​រូប​នេះ​ មាន​អ្នកគាំទ្រ​កម្ពុជា​ជា​ច្រើន​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​ពី​ទេព​កោសល្យ​របស់​គេ។ Aung Thu មាន​វ័យ ២១ឆ្នាំ កម្ពស់ ១,៦៨​ម៉ែត្រ កើត​នៅ​ទីក្រុង Pyinmana ប្រទេស​មីយ៉ាន់ម៉ា។ ចាប់ពី​ឆ្នាំ 2011 មក រូបគេ​ធ្លាប់​បង្ហាញខ្លួន នៅ​ក្រុម U16, U20 និង U23 មីយ៉ាន់ម៉ា។ Aung Thu ធ្លាប់​លេង​ឲ្យ U16 ចំនួន ៤​លើក ស៊ុត​បញ្ចូល​ទី​បាន ៤​គ្រាប់, នៅ U19 បង្ហាញ​ខ្លួន​បាន ១៩​លើក ស៊ុត​បាន ១២​គ្រាប់, នៅ U23 បង្ហាញ​ខ្លួន ១០​លើក ស៊ុត​បាន ៥​គ្រាប់។ ចំណែក ការ​បង្ហាញ​ខ្លួន​នៅ​ជម្រើស​ជាតិ​ឈុត​ធំ មាន ២៣​លើក រក​បាន ៧​គ្រាប់។

២- ខ្សែប្រយុទ្ធ Kyaw Ko Ko របស់​ក្លឹប Yangon United

រូបគេ​មាន​វ័យ ២៤​ឆ្នាំ កម្ពស់ ១,៧៣​ម៉ែត្រ កើត​នៅ​ទីក្រុង Amarapura ប្រទេស​មីយ៉ាន់ម៉ា។ ថ្នាល​យុវជន​របស់​ក្លឹប Zeyar Shwe Myay ដដែល ចាប់ផ្ដើម​លេង​នៅ​ក្រុម​ជម្រើស​ជាតិ U23 កាលពី​ឆ្នាំ​២០០៩ ដោយ​បង្ហាញ​ខ្លួន​បាន​ចំនួន ១៥​លើក រក​បាន ៨​គ្រាប់។ ចំណែក​នៅ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ រូបគេ​រក​បាន ១១​គ្រាប់ ក្នុង​ចំណោម ៤៤​ប្រកួត។

៣- ខ្សែ​បម្រើ Yan Aung Kyaw របស់​ក្លឹប Yangon United

Aung Kyaw មាន​វ័យ ២៨​ឆ្នាំ កម្ពស់ ១,៧០​ម៉ែត្រ កើត​នៅ​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា។ ខ្សែ​បម្រើ​រូបនេះ ក៏​ចាប់​ផ្ដើម​លេង​ឲ្យ​ជម្រើស​ជាតិ U23 ផង​ដែរ ដោយ​បង្ហាញ​ខ្លួន ៤​លើក។ ទោះ​ជា​មិន​ធ្លាប់​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើស​ជាតិ Aung Kyaw ត្រូវ​ចាត់​ទុកជា​កម្លាំង​ស្នូល​ដ៏​សំខាន់​របស់​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា សម្រាប់​ការ​ប្រកួត​មិត្តភាព​ទល់នឹង​កម្ពុជា។

គ្រូបង្វឹកជម្រើសជាតិមីយ៉ាន់ម៉ា លោក Gerd Zeise កំពុងប្រាប់ដល់កូនក្រុមនៅមីយ៉ានម៉ា ពេលហ្វឹកហាត់ត្រៀមប៉ះកម្ពុជា

សូម​បញ្ជាក់​ថា ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា នឹង​ធ្វើដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ​នេះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;