ស្ថិតិ និងប្រវត្តិនៃការប្រកួតរវាងកម្ពុជា និងមីយ៉ាន់ម៉ា មុនប៉ះគ្នាល្ងាចនេះ
- 2017-11-09 03:34:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថិតិ និងប្រវត្តិនៃការប្រកួតរវាងកម្ពុជា និងមីយ៉ាន់ម៉ា មុនប៉ះគ្នាល្ងាចនេះ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវក្រុមមីយ៉ាន់ម៉ានាវេលាម៉ោង ៦:៣០ល្ងាចនេះនៅពហុកីឡដ្ឋានជាតិក្នុងជំនួបមិត្តភាពអន្តរជាតិដ៏សំខាន់មួយមុនពេលវគ្គជម្រុះ AFC Asian Cup មកដល់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ទោះជាការប្រកួតត្រឹមមិត្តភាពកម្តៅសាច់ដុំ ប៉ុន្តែក្រុមទាំងពីរសុទ្ធតែប្តេជ្ញាស្វែងរកជ័យជម្នះដូចគ្នា។
ក្នុងសន្និសីទកាសែតកាលពីម្សិលមិញ លោក Gerd Zeise គ្រូបង្វឹកមីយ៉ាន់ម៉ាបាននិយាយថា ការប្រកួតមិត្តភាពនេះជារឿងល្អបំផុតសម្រាប់ក្រុមទាំងពីរដើម្បីត្រៀមខ្លួនការប្រកួតផ្លូវការមកដល់។ ក្រុមរបស់លោកសង្ឃឹមទទួលបានជ័យជម្នះការប្រកួតល្ងាចនេះ។ ក្រុមកម្ពុជាបច្ចុប្បន្នរីកចម្រើនជាងកាលពីរឬបីឆ្នាំមុនខ្លាំង ទាំងបច្ចេកទេស ការបទបែនលើទីលាន និងភាពរហ័សរហួន ដូច្នេះមិនជាការងាយស្រួលក្នុងការយកឈ្នះទេ។
ចំណែកលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមកម្ពុជាបានលើកឡើងថា នេះជាការប្រកួតដ៏សំខាន់ដែលកីឡាករទាំងអស់ត្រូវបញ្ចេញសមត្ថភាពឱ្យអស់ដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ទទួលហ្សកដានីនាពេលដ៏ខ្លីខាងមុខនេះ។ ថ្វីត្បិតក្រុមមីយ៉ាន់ម៉ាខ្លាំង ប៉ុន្តែកូនក្រុមរបស់លោកត្រូវតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកលទ្ធផលល្អមួយ។
ជើងកីឡាករមីយ៉ាន់ម៉ា
ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាត្រូវធ្វើដំណើរទៅលេងទឹកដីឥណ្ឌាក្នុងការប្រកួតវគ្គជម្រុះ AFC Asian Cup ពូល A នាថ្ងៃទី១៤ វិច្ឆិកា ដូចកម្ពុជាដែរ ដូច្នេះគ្រូបង្វឹកជនជាតិអាល្លឺម៉ង់លោក Gerd Zeise បានកោះហៅកីឡាករ២៣នាក់ ដែលជាជម្រើសល្អបំផុត។ ខ្សែប្រយុទ្ធបង្កគ្រោះថ្នាក់ខ្លាំងសម្រាប់កម្ពុជាគឺកីឡាករ Kyaw Ko Ko, Thu Aung, Zin Min Tun និង Yan Aung Kyaw ។ កីឡាករដែលស៊ុតចូលកម្ពុជាចុងក្រោយគឺ Zin Min Tun ២គ្រាប់ និង Thu Aung ១គ្រាប់។
ជើងកីឡាករកម្ពុជា
ក្រោមការដឹកនាំគ្រូបង្វឹកថ្មីគឺលោក ប្រាក់ សុវណ្ណារ៉ាមានការប្រែប្រួលខ្លះសម្រាប់ជម្រើសកម្ពុជាក្នុងនោះកីឡាករខានជាប់យូរត្រូវបានកោះហៅ និងយុវជនមួយចំនួនក៏គ្មានវត្តមាន។ យ៉ាងណាខ្សែបម្រើប្រយុទ្ធដ៏ទាំង៣គឺ ប្រាក់ មុន្នីឧត្តម កែវ សុខផេង និងចាន់ វឌ្ឍនាកាជាកម្លាំងដ៏សំខាន់សម្រាប់ល្ងាចនេះ។ ចំពោះបម្រើកណ្តាលអាច ទិត្យ ឌីណា គួច សុកុម្ភៈ និង ច្រឹង ពលរដ្ឋក៏មិនអាចខ្វះបានដែរល្ងាចនេះ។ ដោយឡែកខ្សែការពារអាច ស៊ើយ វិសាល រស់ សំអឿន នេន សុធារ័ត្ន និងសុខ សុវណ្ណអាចជាជម្រើសដំបូងល្ងាចនេះ។ សុះ សូហាណាជាអ្នកស៊ុតចូលទីរបស់មីយ៉ាន់ម៉ាចុងក្រោយបំផុតពេលកម្ពុជាចាញ់មីយ៉ាន់ម៉ា ៣-១ ពានAFF Championship ឆ្នាំ ២០១៦កន្លងទៅនេះ។
ជួបគ្នា១០លើកចុងក្រោយគិតត្រឹមឆ្នាំ១៩៩៦មករាប់បញ្ចូលទាំការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺកម្ពុជាឈ្នះ១ដង មីយ៉ាន់ម៉ាឈ្នះ៨ដង និងស្មើគ្នា១ដង។ នេះជាលើកដំបូងសម្រាប់ក្រុមទាំងពីរជួបគ្នានៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។
១០ប្រកួតចុងក្រោយ
មីយ៉ាន់ម៉ា ៥-០ កម្ពុជា ពាន AFF Championship ឆ្នាំ១៩៩៦
មីយ៉ាន់ម៉ា ៣-១ កម្ពុជា ពាន SEA GAMES ឆ្នាំ១៩៩៧
មីយ៉ាន់ម៉ា ០-០ កម្ពុជា ពាន SEA GAMES ឆ្នាំ២០០១
មីយ៉ាន់ម៉ា ៥-០ កម្ពុជា ពាន AFF Championship ឆ្នាំ២០០២
កម្ពុជា ១-៧ មីយ៉ាន់ម៉ា ការប្រកួតមិត្តភាព ឆ្នាំ២០០៨
មីយ៉ាន់ម៉ា ៣-២ កម្ពុជា ពានAFF Championship ឆ្នាំ ២០០៨
មីយ៉ាន់ម៉ា ១-០ កម្ពុជា ការប្រកួតមិត្តភាព ឆ្នាំ២០០៩
មីយ៉ាន់ម៉ា ៣-០ កម្ពុជា ពាន AFF Championship ឆ្នាំ ២០១២
កម្ពុជា ០-១ មីយ៉ាន់ម៉ា ការប្រកួតមិត្តភាព ឆ្នាំ២០១៤
កម្ពុជា ០-១ មីយ៉ាន់ម៉ា ពាន AFF Championship ឆ្នាំ ២០១៤
កម្ពុជា ១-០ មីយ៉ាន់ម៉ា ការប្រកួតមិត្តភាព ឆ្នាំ២០១៥
កម្ពុជា ១-៣ មីយ៉ាន់ម៉ា ពានAFF Championship ឆ្នាំ ២០១៦៕