តារា​សម្តែង​ជើងចាស់​អ្នកស្រី ចាន់ ស៊ីផាន់ ទទួល​មរណភាព​ទាំងមិន​ទាន់​សម្រេច​បំណង

  • 2017-11-12 03:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ស្រី ចាន់ ស៊ីផាន់ ដែល​មហាជន​ស្គាល់​ថា ជា​តារា​សម្ដែង​ជើង​ចាស់ ​និងគ្រូ​បង្ហាត់​សិល្បៈ​នៅសាលាវិចិត្រសិល្បៈ បាន​ទទួល​មរណភាព​ហើយ។ បំណង​ដែល​អ្នក​ស្រី​ចង់​ជួប​មុខ​នាយ​ក្រឹម​និង នាយ​កុយ ដែល​ជា​មិត្ត​រួម​អាជីព​នេះ មិន​បាន​សម្រេច​​ឡើយ គឺ​បាន​ជួប​តែ​នាយ​​​កុយ ចំណែក​នាយ​ក្រឹម មិន​បាន​មក​ជួប​ឡើយ។

តាម​ការ​ឲ្យ​ដឹង​អ្នក​ស្រី ឡុច សុធី ដែល​ត្រូវ​ជា​កូន បាន​ប្រាប់​​ថា ម្ដាយ​របស់​អ្នក​ស្រី​បាន​ស្លាប់​នៅម៉ោង៤ទៀបភ្លឺ​ថ្ងៃ​ទី១២ ខែ វិច្ឆិកា ឆ្នាំ ២០១៧​នេះ បច្ចុប្បន្ន​ក្រុម​គ្រួសារ​កំពុងតែ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ផ្ទះ​របស់​អ្នក​ស្រី ដែល​មាន​ទីតាំង​ខាង​​ក្រោយ​ស្ថាន​ទូត​ចិន។

តារា​ជើង​ចាស់​អ្នក​ស្រី ចាន់ ស៊ីផាន់ បាន​​ស្លាប់​ក្នុង​វ័យ​៩៤ឆ្នាំ បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​ជាង​២ឆ្នាំ​មក​នេះ។ តាម​ការ​ឲ្យ​ដឹង​ពី​កូន​ស្រី​ខាង​លើ អ្នក​ស្រី មាន​ជំងឺ​ថ្លើម ហើយ​ចុង​ក្រោយ​មាន​ជំងឺ​រលាក​​ពោះវៀន។ ជំងឺ​របស់​វីរ​សិល្បករ​ជើង​ចាស់​រូប​នេះ ទើបតែ​​ធ្លាក់​ខ្លួន​ឈឺ​​ខ្លាំង​ជាង​កន្លះ​ខែ​មក​នេះ​រហូត​ដល់​ថ្នាក់​​ថ្នាក់​ពិសា​អ្វី​លែង​កើត ហើយ​​ចុង​ក្រោយ​ក៏​បាន​ស្លាប់ បន្ទាប់​ពី​ក្រុម​គ្រួសារ​បាន​ព្យាយាម​ ឲ្យ​គ្រូពេទ្យ​សង្គ្រោះ ទាំង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ​ផង​ និងព្យាបាល​នៅ​ផ្ទះ​ផង។

ទន្ទឹម​គ្នា​នោះ​ដែរ តារា​ជើង​ចាស់​អ្នក​ស្រី ចាន់ ស៊ីផាន់ ក៏​បាន​ទទូច​ចង់​ជួប​មុខមិត្ត​រួម​អាជីព​មុន​អ្នក​ស្រី​ចែកឋាន​ទៅ ដូច​ជា​ចង់​ជួប​នាយ កុយ នាយ​ក្រឹម ជា​ដើម។ ភ្លាមៗ នាយ​កុយ ​ក៏​បាន​ទៅ​សួរសុខទុក្ខ នៅ​មន្ទីរពេទ្យ​ខ្មែរមិត្តភាពខ្មែរ-​សូវៀត ហៅ​ពេទ្យ​រុស្សី ដែល​កំពុងតែ​ចូល​សង្គ្រោះ​បន្ទាន់​​នៅ​ទី​នោះ ហើយ​​ថែម​ទាំង​​បាន​ជូន​ប្រាក់​១០០ ដុល្លារ​ដល់​លោក​យាយ​ផង​ដែរ។

ចំពោះ​នាយ​ក្រឹម​វិញ នាយ​កុយ​ថា គ្រោង​និង​មក​​សុខទុក្ខ​លោក​យាយ នៅ​ថ្ងៃ​ទី១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ព្រោះ​កំពុង​ជាប់​រវល់​ថត ប៉ុន្តែ​ទោះបី​មាន​ការ​បញ្ជាក់​ពី​នាយ កុយ បែប​នេះ​ក្ដី​រហូត​ដល់​លោក​យាយ ស្លាប់ នាយ ក្រឹម មិន​បាន​មក​ជួប​ឡើយ។

អ្នក​ស្រី ឡុច សុធី មិន​បាន​ខឹង​សម្បា​អ្វី​ឡើយ ព្រោះ​ដូច​បាន​ធ្លាប់​លើ​ឡើង​កន្លង​មក អ្នក​ស្រី​មិន​បាន​ស្នើ​​សុំ​ជំនួយ​ពី​អ្នក​សិល្បៈ​ឬ សប្បុរសជន​ណា​មួយ​​ឡើយ គ្រាន់​តែ​ចង់​បំពេញ​បំណង​ម្ដាយ​របស់​ខ្លួន​ដែល​ចង់​ឃើញ​​មុខ​អ្នក​សិល្បៈ​រួម​ជំនាន់ ធ្លាប់​មាន​អនុស្សាវរីយ៍​ជា​មួយ​គាត់​តែ​ប៉ុណ្ណោះ។

អ្នក​ស្រី ចាន់ ស៊ីផាន់ សម្តែងក្នុងបទចម្រៀងមួយ

​បែប​នេះ​ក្ដី អ្នក​ស្រី ឡុច សុធី នៅ​តែ​មាន​សង្ឃឹម​ថា នាយ​ក្រឹម អាច​នឹង​មក​ចូល​បុណ្យ​​​ម្ដាយរបស់​ខ្លួន​ជាក់​ជា​មិន​ខាន ទោះ​បី​ក្នុង​ក្នុង​ដំណាក់​ការ​បុណ្យ​សព​ ឬ៧ថ្ងៃ​ក៏​បាន។

សូម​បញ្ជាក់​ផង​ដែរ​ថា តារា​សម្ដែង​ជើង​ចាស់ ចាន់ ស៊ីផាន់ បាន​ប្រើ​ពេល​ស្ទើរ​មួយ​ជីវិត​របស់​គាត់ ប្រលូក​លើ​វិថី​សិល្បៈ​នេះ ទាំង​តារា​សម្ដែង គ្រូ​បង្ហាត់​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់ ដូច​ជា ល្ខោន យីកេ របាំ​ជា​ដើម៕

ប្រភព៖ Sabay News អត្ថបទៈ ស៊ុនហួត

អត្ថបទថ្មី
;