គ្រូ​ហ្សកដានី ថា ​កម្ពុជា​ត្រូវ​ការ​ឈ្នះ​ក្រុម​ខ្លួន​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ

  • 2017-11-13 06:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jamal Abu-Abed គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហ្សកដានី បាន​ប្រាក់​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣​វិច្ឆិកា​នេះ​ថា ការ​មក​លេង​នៅ​ទឹកដី​កម្ពុជា គឺ​ក្រុម​របស់​លោក​មាន​គោល​បំណង​តែ​មួយ​គត់ ហើយ​កម្ពុជា ក៏​មាន​គោល​បំណង​មួយ​ដូច​គ្នា​គឺ យក​ឈ្នះ​ហ្សកដានី ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

ប្រធានក្រុមជម្រើសជាតិកម្ពុជា (គួច សុគុម្ភៈ) ចាប់ដៃប្រធានក្រុមជម្រើសជាតិហ្សកដានី ក្រោយសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០១៧
អតីត​កីឡាករ​បាល់ទាត់​សញ្ជាតិ​ហ្សកដានី​រូបនេះ​បាន​ឲ្យដឹង​ថា ក្នុង​ការ​ប្រកួត​ជាមួយ​កម្ពុជា ក្រុម​ហ្សកដានី​នឹង​ព្យាយាម​ស្វែង​រក ៣ពិន្ទុ​ឲ្យ​ខាន​តែ​បាន ដើម្បី​សម្រេច​បំណង​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​។ លោក​បន្ថែម​ថា ខ្លួន​មិន​គិត​ពី​លទ្ធផល​កាល​ពី​ជួប​គ្នា​លើក​ដំបូង ដែល​ហ្សកដានី​បាន​យក​ឈ្នះ​កម្ពុជា ៧-០ នោះ​ទេ​ ពោល​គឺ​លោក​ផ្ដោត​លើ​លទ្ធផល​ថ្ងៃ​ស្អែក ហើយ​ក្រុម​របស់​លោក​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព ១០០​ភាគរយ។

ចំពោះ​បញ្ហា​នេះ លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ប្រកួត​ថ្ងៃ​ស្អែក​នេះ ជា​ជំនួប​ដ៏​តានតឹង​បំផុត​ក្នុង​អាជីព​ជា​គ្រូបង្វឹក​របស់​លោក ព្រោះ​កម្រិត​នៃ​កីឡាករ​ក្រុម​ទាំង​ពីរ ខុស​គ្នា​ឆ្ងាយ។ ប៉ុន្តែ​កម្ពុជា មាន​មហិច្ឆតា​របស់​ខ្លួន បើ​ទោះ​បី​ជា​ទទួល​បាន​ត្រឹម​លទ្ធផល​ស្មើ​ជាមួយ​ហ្សកដានី ក៏​ជា​ជោគជ័យ​ដ៏​ធំធេង​មួយ​ដែរ។

លោក Jamal Abu-Abed ក៏​បាន​ក្រើន​រំឭក​ដល់​កូន​ក្រុម កុំ​ឲ្យ​មាន​ការ​មើលស្រាល​លើ​កម្ពុជា​ផង​ដែរ ព្រោះ​កូនក្រុម​របស់​លោក ប្រាក់ សុវណ្ណារ៉ា ជា​កីឡាករ​ល្អ​ៗ៕

លោកប្រាក់​ សុវណ្ណារ៉ា ចាប់ដៃលោក Jamal Abu-Abed គ្រូជម្រើសជាតិហ្សកដានី

ចុចអាន លោក ប្រាក់ សុវណ្ណារ៉ា លើក​យក ១​ចំណុច​ដែល​កម្ពុជា​មាន​ប្រៀប​ជាង​ហ្សកដានី

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;