កម្ពុជា ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន លើ​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំចេញ​អង្ករ

  • 2017-11-13 09:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​២ ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំចេញ​អង្ករ​ជាមួយ​ភាគី​ចិន កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​អធិបតី​ភាព​លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

MoUទី១ គឺ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម ជាមួយ​ភាគី​ចិន​ តំណាង​ដោយ​ធនាគារ​នីហរ័ណ-អាហរ័ណ​ចិន (the Export-Import Bank of China) និង​ក្រុមហ៊ុន​ស៊ីទីក​ហ្គ្រុប (CITIC Group Corporation)។

MoUទី២ គឺ​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម ជាមួយ​ភាគី​ចិន តំណាង​ដោយ​ក្រុមហ៊ុន CITIC Construction Co., Ltd. និង​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation ដោយមាន​គោលបំណង​កំណត់​មូលដ្ឋាន​សម្រាប់​រៀបចំ និង​អនុវត្ត​គម្រោង រួមមាន​ការ​សាងសង់ ប្រតិបត្តិការ និង​ការ​ថែទាំ​ហេដ្ឋា​រចនាសម្ព័ន្ធ​គម្រោង ។

គោលបំណង​នៃការ​ចុះ​ MoU នេះ​គឺ​ដើម្បី​កំណត់​ចំណុច​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ទស្សនាទាន វិសាលភាព រចនាសម្ព័ន្ធ​អនុវត្ត ប្រភព និង​គំរូ​ហិរញ្ញប្បទាន ព្រមទាំង​កិច្ចការ​ហិរញ្ញវត្ថុ​នៃ​គម្រោង។ កិច្ច​ព្រមព្រៀង​នេះ នឹង​ផ្ដល់​ជា​មូលដ្ឋាន​ច្បាស់លាស់ សម្រាប់​ការ​រៀបចំ និង​ការ​អនុវត្ត គម្រោង​ដូចជា៖ ការ​សិក្សា​សមិទ្ធិ​លទ្ធភាព ការ​រៀបចំ​ប្លង់​លម្អិត ផែនការ​ហិរញ្ញប្បទាន ការ​សាងសង់ ប្រតិបត្តិការ និង​ការ​ថែទាំ​ហេដ្ឋារចនា​សម្ព័ន្ធ​គម្រោង យន្តការ​ប្រើប្រាស់​ស្រូវ-អង្ករ​ស្តុក​ក្នុង​ឃ្លាំង​ជា​វត្ថុ​បញ្ចាំ ដើម្បី​ទទួល​បាន​ឥណទាន​ពី​ធនាគារ និង​ការ​បង្កើត​ទីផ្សារ​លក់ដូរ​ស្រូវ-អង្ករ ។ ផ្សារភ្ជាប់​ជាមួយ​គម្រោង​នេះ ភាគី ចិន​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​ជ្រោមជ្រែង​ក្នុងការ​បង្កើន​ការ​នាំចេញ​អង្ករ​កម្ពុជា​ទៅ​ចិន បន្ថែម​ពីលើ​កូតា​ដែលមាន​ស្រាប់។

គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និងការ​នាំចេញ​អង្ករ​នេះ ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បង្កើត​ប្រព័ន្ធ ឃ្លាំង​សាធារណៈ​សម្រាប់​ស្តុក​ស្រូវ-អង្ករ ដែល​ផ្អែក​តាម​ការ​សិក្សា​បឋម គម្រោង​នឹង​សាងសង់​ប្រព័ន្ធ​ឃ្លាំងស្តុក និង​ឡ​សម្ងួត​ស្រូវ-អង្ករ ចំនួន ១៥​ឃ្លាំង មាន​សមត្ថភាព​សម្ងួត​ស្រូវ​សើម​ដល់​ទៅ ១៩ ៥០០តោន​ក្នុង​មួយ​ថ្ងៃ និងមាន​សមត្ថភាព​ស្តុក​ស្រូវ-អង្ករ​ស្ងួត​បាន​ដល់​ទៅ ១​លាន​តោន ស្ថិតក្នុង​ខេត្ត​ចំនួន​១១ ដែលមាន​សក្តានុពល​ក្នុងការ​ផលិត​ស្រូវ-អង្ករ ។ គម្រោង​នេះ មិន​ត្រឹមតែ​មានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទេ តែ​រួមទាំង​មាន​ប្រតិបត្តិការ និង​ការ​ថែទាំ​ល្អ និង​ប្រព័ន្ធ​គ្រប់គ្រង​វត្ថុ​បញ្ចាំ ដើម្បី​សម្រប​សម្រួល​ការ​ផ្ដល់​ឥណទាន ដោយ​ប្រើប្រាស់​ស្តុកស្រូវ-អង្ករ​ជា​វត្ថុ​បញ្ចាំ​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;