កម្ពុជានឹងមានសួន​ទឹក​កម្សាន្ត​ធំ​ដាច់គេ​នៅ​អាស៊ី អាច​ដណ្ដើម​តំណែង​ពី​សួន​ទឹក​នៅ​ថៃ

  • 2017-11-14 07:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សួន​ទឹក​កម្សាន្ត​ដ៏​ទំនើប​និង​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ក៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី ដែល​វិនិយោគ​ក្នុង​ទឹកប្រាក់​ជាង ៣០​លាន​ដុល្លារ​អាមេរិក នឹង​បើក​ដំណើរការ​​សាងសង់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​​ហើយ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ខេមបូណូមីស។

សួន​ទឹក​កម្សាន្ត​ធំ​ទី​១​នៅ​អាស៊ី​មួយ​នេះ មាន​ឈ្មោះ​ថា Angkor Water Park ត្រូវ​បាន​វិនិយោគ​សាង​សង់​ឡើង​ដោយ​ឧកញ៉ា លី យ៉ុង ផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ខ្មែរ​ដ៏​ធំ​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក នេះ អភិវឌ្ឍ​សាងសង់​នៅ​លើ​ផ្ទៃ​ដី ៦​ហិកតា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​អះអាង​ពី​នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប។

លោក​ឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បាន​អះអាង​ថា សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក​ នេះ គឺ​ជា​គម្រោង​ធំ​ជាង​គេ​ទី១​ក្នុង​តំបន់​អាស៊ី ពោល​គឺ​ដណ្តើម​តំណែង​ធំ​ជាង​សួន​ទឹក​កម្សាន្ត នៅប៉ាតាយ៉ា ប្រទេស​ថៃ ដែល​មាន​ឈ្មោះ​ថា Cartoon Network Waterpark រហូត​ដល់​ទៅ ៥០​ភាគរយ​ឯណោះ។

លោក​ឧកញ៉ា សេង ញ៉ក់ បាន​បន្ត​ថា  ក្រុមហ៊ុន​លោក​នឹង​ចាប់​ផ្តើម​ដំណើរការ​សាងសង់​សួន​ទឹក​កម្សាន្ត អង្គរវ៉តធើផាក នៅ​ចុង​ខែ​វិច្ឆិកា​នេះ ហើយ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ។ លក្ខណៈ​ពិសេស​របស់​សួន​ទឹក​កម្សាន្ត​ដ៏​ធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នេះ មាន​កន្លែង​សំខាន់ៗ ដូចជា សមុទ្រ​សិប្បនិម្មិត ដែល​ទឹក​រលក​កម្ពស់​៣​ម៉ែត្រ​កន្លះ ទឹកជ្រោះ​ធ្លាក់​ដ៏​ស្រស់​ស្អាត កន្លែង​រំអិល​ទឹក​ខ្ពស់ ទឹក​រាំ​តាម​​ចង្វាក់​ភ្លេង កន្លែង​ក្មេង​លេង​ជាច្រើន និង​កន្លែង​សំខាន់ៗ​ផ្សេង​ទៀត។

សួន​​ទឹក​​កម្សាន្ត អង្គរ ​វ៉តធើផាក នេះ សាងសង់​រំលេច​ទៅ​តាម​បែប​រចនាបថ​សម័យ​អង្គរ​ដែល​មាន​រូប​អប្សរា ដំរី បាយ័ន អង្គរ​វត្ត លាយ​ឡំ​ទៅ​នឹង​រចនាបថ​សម័យ​ទំនើប​មក​ពី​អឺរ៉ុប និង​អាមេរិក​ផង​ដែរ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;