ជប៉ុន​ផ្តល់​ជំនួយ​ជាង​៧​លាន​ដុល្លារ សម្រាប់​ដោះ​និង​កម្ទេច​មីន នៅ​ខេត្ត​បាត់ដំបង

  • 2017-11-16 00:33:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​សមាហរណកម្ម​ការ​បោស​សំអាត​មីន និង​ការ​ជួយ​សង្គ្រោះ​ជន​ពិការ​ដោយ​សារ​មីន ដែល​មាន​ទឹកប្រាក់​ចំនួន ៣ ៥៣៦ ៧០០ ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​កម្លាំង​ប្រតិបតិ្ត​ការ​ចំនួន​ជិត ៥០០ នាក់ ក្នុង​រយៈ​ពេល ១២ ខែ គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៨ នឹង​ធ្វើឡើង នៅ​បណ្តា​ស្រុក​គោលដៅ នៅ​ខេត្ត​បាត់ដំបង។

ពិធី​ចុះ​ហត្ថលេខា លើ​គម្រោង​ដោះមីន​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​លោក ហេង រតនា អគ្គ​នាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC នឹង​អង្គការ​ជប៉ុន JICS ដែល​ទទួល​អនុវត្ត​គម្រោង​នេះ កាលពី​រសៀល​ថ្ងៃ​ពុធ ទី​១៥ ខែ​វិចិ្ឆកា ឆ្នាំ​២០១៧ នៅ​ទីបញ្ជាការ​ស៊ីម៉ាក់ ក្នុង​រាជធានី​ភ្នំពេញ។

សូម​បញ្ជាក់​ថា នេះ​ជា​ការ​អនុវត្ត​គម្រោង​ឆ្នាំ​ទី២ នៃ​គម្រោង​ជំនួយ ៣​ឆ្នាំ​របស់​ជប៉ុន ចាប់​ពី​ឆ្នាំ២០១៧-២០១៩។ លោក ហេង រតនា អគ្គនាយក CMAC បាន​លើកឡើង​ថា ទន្ទឹម​នឹង​ចុះ​ហត្ថលេខា​លើ​ការ​អនុវត្ត​គម្រោង​ដោះ​មីន​នៅ​ខេត្ត​បាត់ដំបង លោក​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​ទិញ​សម្ភារៈ​បន្ថែម រួមមាន គ្រឿង​ចក្រ​កម្ទេច​មីន ចំនួន ៥​គ្រឿង និង​តង់​ស្នាក់​នៅ​របស់​អ្នក​ដោះមីន​ចំនួន ៤៦ តង់ ដែល​មាន​ថវិកា​សរុប​ចំនួន​ជាង ៣ ៧៤២ ៥៩២ ដុល្លារ។

គ្រឿង​ចក្រ​កម្ទេច​មីន​ធុន​ធ្ងន់ និង​តង់​ស្នាក់​នៅ​ទាំង​នេះ នឹង​មក​ដល់​កម្ពុជា នៅ​ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខ​នេះ។ ដូច​នេះ គម្រោង​ទាំង ២​នេះ មាន​ថវិកា​សរុប​ចំនួន​ជាង ៧លាន ៣សែន​ដុល្លារ​អាមេរិក សម្រាប់​កិច្ច​ប្រតិបតិ្ត​ការ ក្នុង​ឆ្នាំ២០១៨ ខាងមុខ​នេះ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;