ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​នៅ​ថៃ ចាប់​ពស់​ច្រើន​ករណី​ជាង​ពន្លត់​ភ្លើង

  • 2017-11-16 04:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជា​ពលរដ្ឋ​រស់នៅ​ទីក្រុង​បាងកក​មួយ​ចំនួន បាន​និង​កំពុង​ជួប​ប្រទះ​បញ្ហា​សត្វ​ពស់​រុករាន​ផ្ទះ​សម្បែង ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ការ​រវល់​ជា​ខ្លាំង​សម្រាប់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។

លោក Tara Buakamsri នាយក​អង្គការ Greenpeace Southeast Asia ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ទីក្រុង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​១០​លាន​នាក់​នេះ កំពុង​ចាត់​វិធានការ​រុករក​សត្វ​ពស់​បន្ថែម​ទៀត ព្រោះ​នា​ពេល​បច្ចុប្បន្ន​ករណី​ពស់​លូន​ចូល​ផ្ទះ​ប្រជា​ជន​មាន​​ការ​កើន​ឡើង​ច្រើន។ មួយ​វិញ​ទៀត បាងកក​គឺ​ស្ថិត​នៅ​តំបន់​វាល​ទំនាប​ទាប ងាយ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់។ រាល់​ពេល​លិច​ម្ដងៗ តែង​មាន​ពពួក​សត្វ​ល្មូន​ហូរហៀរ​ចូល​ក្រុង ជា​ពិសេស​សត្វ​ពស់​តែ​ម្ដង។

លោក Chanun Chisa ពលរដ្ឋ​ម្នាក់​នៅ​បាងកក ប្រាប់​ថា៖ "ខ្ញុំ​រស់នៅ​ផ្ទះ​នេះ​២០​ឆ្នាំ​មក​ហើយ កម្រ​ឃើញ​សត្វ​ពស់​ណាស់។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ពួក​យើង​ឃើញ​វា​ញឹកញាប់ ដោយ​១ខែ​ឃើញ​ពស់​២-៣​ដង​ទៅ​ហើយ"។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាង​លើ ក្រុម​ការងារ​ពន្លត់​អគ្គិភ័យ បាន​បញ្ជាក់​ថា ពួក​គេ​ទទួល​បាន​ទូរសព្ទ​ច្រើន​ជាង​មុន​ឲ្យ​ដោះស្រាយ​បញ្ហា តែ​បញ្ហា​នោះ​មិន​មែន​ទៅ​ពន្លត់​ភ្លើង​ទេ គឺ​ទៅ​ចាប់​ពស់​តាម​ផ្ទះ​ប្រជា​ជន។ បុគ្គលិក​ពន្លត់​អគ្គិភ័យ​ម្នាក់​ឈ្មោះ Phinyo និយាយ​ថា៖ "ក្នុង​១​ថ្ងៃៗ ពួក​យើង​ទទួល​បាន​ទូរសព្ទ ៤-៥​ករណី ដើម្បី​ចាប់​ពស់។ ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​ចាប់​ផ្ដើម​ដឹង​ថា ពួក​គេ​អាច​ទៅ​រក​មន្ត្រី​ជំនាញ (ដូចជា ក្រុម​ពន្លត់​អគ្គិភ័យ) សម្រាប់​ដោះស្រាយ​បញ្ហា។ កាល​ពី​មុន ពួក​គាត់​តែង​ចាប់​ពស់​ដោយ​ខ្លួន​ឯង ដោយ​ប្រើ​ឈើ​វែង ឬ​របស់​របរ​ស្រដៀង​នេះ ដើម្បី​វាយ​សត្វ​ពស់"៕

ប្រភព៖ ABC News ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;