ចេតិយ​មួយ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ បង្កប់​អាថ៌កំបាំង​ច្រើន​ដែល​អ្នក​មិន​បាន​ដឹង

  • 2017-11-16 06:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នេះ​បាន​ឲ្យ​ដឹង​ថា ចេតិយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងក្រោយ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត ទិស​ខាង​កើត​នៃ​ថែវ​ទី៣ គឺ​មាន​ឈ្មោះ​ថា ជ័យនន្ទ។

តេចិយ ជ័យនន្ទ
អ្នកស្រីបណ្ឌិត ពៅ សាវរស់ សាស្រ្ដាចារ្យ​សិលា​ចារឹក​ខ្មែរ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចេតិយ​នេះ​សង់ឡើង​នៅ​ឆ្នាំ​១៧០១ នៃ​គ.ស និង ១៦២៣ សករាជ។ ចំណែក លោក​បណ្ឌិត អ៊ា ដារិទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ពន្យល់​ថា សិលា​ចារឹក​ខាងលើ​បាន​រៀបរាប់​ពី​ទុក្ខ​សោក​របស់​លោក ជ័យនន្ទ ដែល​បាន​បាត់បង់​ប្រពន្ធ និង​កូន និង​បាន​នាំ​សាកសព​មក​បញ្ចុះ​ក្នុង​ចេតិយ​នៅ​អង្គរ​វត្ត។ លោក​បន្ថែម​ថា លោក ជ័យនន្ទ ជា​មន្រ្តី​ខ្ពង់ខ្ពស់​ម្នាក់ ដែល​បម្រើ​ការ​ក្នុង​រាជ​វាំង នៅ​រាជធានី ឧត្តុង្គ។

តាម​ការ​ពន្យល់​របស់​លោក អ៊ា ដារិទ្ធ និង​យោង​តាម​សិលា​ចារឹក ចាប់​ពី​ស.វ​ទី​១៦ ដល់​ទី​១៨ ប្រាសាទ​អង្គរវត្ត ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា «ព្រះ​វិស្ណុ​លោក» ដែល​ជា​ព្រះ​បច្ឆា​មរណនាម​របស់​ព្រះបាទ​សូរ្យវរ្ម័ន​ទី២។ ប្រាសាទ​អង្គរ​វត្ត​នា​សម័យ​កាល​នោះ ត្រូវ​បាន​គេ​ចាត់​ទុក ជា​ប្រាសាទ​ផង និង​ជា​ចេតិយ​ផង ដែល​រាស្រ្ត និង​ខ្សែ​រាជវង្សានុវង្ស​នា​សម័យ​នោះ​បាន​ទៅ​សំពះ​ព្រះ ធ្វើបុណ្យ និង​ធ្វើ​សច្ចា​ប្រណិធាន​ជាដើម។

សិលា​ចារឹក​ខាងលើ​បាន​រៀបរាប់​ពី​ទុក្ខ​សោក​របស់​លោក ជ័យនន្ទ

ជំនឿ​នេះ មាន​តជា​រហូត​មក ដោយ​អ្នក​ស្រុក​ដែល​មាន​ជំនឿ តែង​យក​ធាតុ​ទៅ​បញ្ចុះ​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត។ លោក អ៊ា ដារិទ្ធ បាន​លើក​ឧទាហរណ៍​អំឡុង​ឆ្នាំ ២០០០ ជាង ពេល​លោក​ធ្វើ​កំណាយ​ពី​ប្រព័ន្ធ​បង្ហូរ​ទឹក​ក្នុង​បរិវេណ​ប្រាសាទ ក៏​ប្រទះ​ឃើញ​គំនរ​ឆ្អឹង​ជាច្រើន ទាំង​កប់​ផ្ទាល់ដី និង​ខ្លះ​ដាក់​ក្នុង​កុលាលភាជន៍។

ការណ៍​នេះ​ហើយ ទើប​ធ្វើឲ្យ​អ្នក​ស្រាវជ្រាវ បាន​ទាញ​សេចក្ដី​សន្និដ្ឋាន​យ៉ាង​ច្បាស់លាស់​ថា ប្រហែល​អ្នក​ស្រុក មាន​បំណង​ចង់​ភ្ជាប់​និស្ស័យ​ជាមួយ​ចេតិយ​ដ៏​ធំ​ខ្ពង់ខ្ពស់ របស់​ព្រះបាទ​សូរ្យវរ្ម័ន​ទី២ ឬ​ប្រាសាទ​អង្គរវត្ត ដើម្បី​ឲ្យ​អ្នក​ដែល​បាន​ស្លាប់​ទៅ​បាន​ខ្ពង់ខ្ពស់​ដែរ៕

តេចិយ ជ័យនន្ទ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;