រាប់​សិបនាក់​របួស និង​គ្មានទី​ជម្រក​ជាង ១ពាន់​នាក់ ដោយគ្រោះ​រញ្ជួយដី​នៅ​កូរ៉េខាងត្បូង

  • 2017-11-16 07:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​៥៦នាក់​បានរង​របួស និង​១៥៣៦​នាក់ ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង​ពួកគេ ដោយសារ​គ្រោះ​រញ្ជួយដី​រង្វាស់ ៥,៤​រ៉ិចទ័រ បាន​វាយ​ប្រហារ​ក្រុង Pohang ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃទី១៥​វិច្ឆិកា​ម្សិលមិញ។ នេះ​បើតាម​ក្រសួង​មហាផ្ទៃ និង​សុវត្ថិភាព​កូរ៉េ​ខាងត្បូង បាន​ឲ្យដឹង​នៅថ្ងៃ​ទី១៦​វិច្ឆិកា​នេះ។

ផ្ទះ​ច្រើន​ជាង ១ពាន់​ខ្នង អគារ និង​រថយន្ត​រាប់សិប​ផ្សេងទៀត ត្រូវបាន​បំផ្លាញ​ទាំងស្រុង។ ក្នុងនោះ​រញ្ជួយដី​នេះ ក៏បាន​ធ្វើឲ្យ​បែក​ប្រេះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត​ដូចជា មូលដ្ឋាន​យោធា ស្ពាន កំពង់ផែ និង​កន្លែង​ផ្គត់ផ្គង់​ទឹក​ជាដើម។ ចំណែក​ក្រសួង​អប់រំ ក៏បាន​ពន្យាពេល​នៃការ​ប្រឡងចូល​សកល​វិទ្យាល័យ​របស់​សិស្ស ដោយសារតែ​អគារ​ប្រឡង​មានការ​ប្រេះ​ស្រាំ និងការ​ផ្លាស់​ទីលំនៅ​របស់​សិស្ស។

រដ្ឋាភិបាល​កូរ៉េខាងត្បូង នឹង​ចំណាយ​ជាង ៣,៦លាន​ដុល្លារ​សម្រាប់​ស្តារ​តំបន់​រងគ្រោះ​នេះ​ឡើងវិញ។

គួរ​បញ្ជាក់​ថា នេះគឺ​ជាគ្រោះ​រញ្ជួយដី​ដ៏ខ្លាំង​បំផុត​ទី២ ដែលបាន​វាយ​ប្រហារ​កូរ៉េ​ខាងត្បូង ចាប់តាំង​ពី​ប្រទេស​នេះ បាន​ចាប់ផ្តើម​តាមដាន​ត្រួត​ពិនិត្យ​រញ្ជួយដី​នេះ​នៅឆ្នាំ​១៩៧៨។ រញ្ជួយដី​ដ៏ធំ​បំផុត​នោះ គឺមាន​រង្វាស់ ៥,៨​រ៉ិចទ័រ កើតឡើង​កាលពី​ខែ​កញ្ញា ឆ្នាំ២០១៦ ​នៅ​ជិតក្រុង Gyeongju ដែលស្ថិត​នៅ​កៀក​ក្រុង Pohang នេះ​ផងដែរ៕

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;