អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ប្រារព្ធ​ខួប ៧​ឆ្នាំ នៃ​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះពេជ្រ

  • 2017-11-16 10:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា នឹង​រៀបចំ​ពិធី​បង្សុកូល​រំលឹក​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ នៅក្នុង​ឧបទ្ទវហេតុ រត់ជាន់គ្នា​លើ​ស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះពេជ្រ កាលពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ ពិធី​ជួបជុំ​តាម​បែប​ព្រះពុទ្ធ​សាសនា នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយមាន​រាប់បាត្រ និង​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ ចំនួន ១០៨​អង្គ នៅ​ស្តូបក្បែរ​ស្ពាន​នាគ នៃ​ទីក្រុង​កោះពេជ្រ ដើម្បី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូន​ជនរងគ្រោះ ដែល​បាន​បាត់បង់​អាយុ​ជីវិត​ក្នុង​ហេតុការណ៍​ខាងលើ។

ស្តូបរំលឹកវិញ្ញាណក្ខន្ធ អ្នកបាត់បង់ជីវិតនៅលើស្ពានពេជ្រ (រូបថត៖ RFA)
សូម​រំលឹក​ថា នៅយប់​បង្ហើយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក កាលពី​យប់ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ មាន​ព្រឹត្តិការណ៍​ផ្អើល​រត់​ជាន់គ្នា នៅលើ​ស្ពាន​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​មនុស្ស ៣៥៣​នាក់​ស្លាប់ និង ៣៩៣​នាក់​រង​របួស។

បន្ទាប់ពី​សោកនាដកម្ម​នោះ សម្តេច ហ៊ុន សែន បាន​ប្រកាស​ឲ្យមាន​ការកាន់​មរណទុក្ខ​របស់ជាតិ​ទាំងមូល ហើយ​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ជូន​គ្រួសារ​នៃសព ដែល​ក្នុង​នោះ អ្នកស្លាប់​ម្នាក់ ទទួល​បាន​១ម៉ឺន​ដុល្លារ។

កាលពី​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១១ សាលា​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​សាងសង់​ស្តូប​ទុក​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ទាំងនោះ។ ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ស្ពាន​កោះពេជ្រ ត្រូវបាន​សាងសង់​ឡើង នៅ​គល់​ស្ពាន​កោះ​ពេជ្រ ដែល​ក្រោយ​មក​បន្តិច ស្ពាន​នោះ ត្រូវបាន​វាយ​កម្ទេច​ចោល៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;