5T ស្មាតហ្វូន​កំពូល​ដំបូង​បង្អស់​របស់ OnePlus គ្មាន​ប៊ូតុង Home

  • 2017-11-17 00:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​យប់​មិញ OnePlus 5T បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ហើយ ដែល​ជា​ការ​ផ្លាស់ប្ដូរ​រូបរាង​ថ្មី​ប្លែក បើ​ធៀប​នឹង​ស្មាតហ្វូន​កន្លង​មក​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ។

ខុស​ពី OnePlus 5 និង​ជំនាន់​មុនៗ 5T ត្រូវ​បាន​រចនា​ឡើង​ជា​លក្ខណៈ​អេក្រង់​លាត​សន្ធឹង​គ្មាន​គែម (Bezel-less Display)។ ប៊ូតុង Home នៅ​ខាង​មុខ ត្រូវ​ដក​ចេញ ហើយ​កន្លែង​ស្កេន​ក្រយៅ​ដៃ​ប្ដូរ​ទៅ​ខ្នង​ខាង​ក្រោយ​ទូរសព្ទ​វិញ។ OnePlus 5T មាន​អេក្រង់​ទំហំ ៦អ៊ីញ កម្រិត Resolution 1080 x 2160p និង​វិមាត្រ 18:9។

កម្លាំង​ម៉ាស៊ីន​មិន​ខុស​ពី OnePlus 5 នោះ​ទេ ដោយ​ស្មាតហ្វូន​ថ្មី​នេះ​បាន​ភ្ជាប់​​​មក​ជាមួយ​បន្ទះ​ឈីប​ស៊េរី​ខ្ពស់ Snapdragon 835 អម​ជាមួយ RAM 6GB/ 8GB (អាស្រ័យ​លើ​ទំហំ​ផ្ទុក​ទិន្នន័យ 64GB/ 128GB)។ ថាមពល​ថ្ម OnePlus 5T មាន​ទំហំ 3300mAh ជា​ប្រភេទ​មិន​អាច​ដោះដូរ​បាន។

កាមេរ៉ា​២​​គ្រាប់​នៅ​ខាង​ក្រោយ មាន​ទំហំ 16MP + 20MP (ប្រភេទ Low-light) អាច​ថត​រូប​ច្បាស់​នៅ​ទី​មិន​សូវ​មាន​ពន្លឺ​គ្រប់គ្រាន់។ ឯ​កាមេរ៉ា​មុខ​វិញ ទំហំ 16MP f/2.0 អាច​ប្រើ​សម្រាប់​ដោះសោ​ទូរសព្ទ​បាន។

OnePlus 5T នឹង​ដាក់​លក់​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្នុង​តម្លៃ ៤៩៩​ដុល្លារ សម្រាប់​ទំហំ​ផ្ទុក​ទិន្នន័យ 64GB និង ៥៥៩​ដុល្លារ សម្រាប់​ទំហំ​ផ្ទុក​ទិន្នន័យ 128GB៕

ប្រភព៖ Ubergizmo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;