ភរិយា​ប្រធានាធិបតី​ស៊ីមបាវ៉េ ល្បី​ចាយ​ខ្ជះខ្ជាយ ខណៈ​ពលរដ្ឋ​រក​លុយ​ទិញ​បាយ​គ្មាន

  • 2017-11-17 06:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ស្រី Grace Mugabe ដែល​ជា​ភរិយា​ប្រធានាធិបតី​ស៊ីមបាវ៉េ ត្រូវ​គេ​ស្គាល់​ថា​ជា​មនុស្ស​ស្រី ចាយ​លុយ​ច្រើន​លើសលប់​មិន​ចេះ​គិត។ គ្រាន់​តែ​អាពាហ៍ពិពាហ៍​កូន​ស្រី​របស់​លោក​ស្រី កាល​ពី​ពេល​កន្លង​ទៅ​ចំណាយ​អស់ ៣,៩​លាន​ដុល្លារ។

ក្រៅ​ពី​នេះ ភរិយា​របស់​លោក Robert Mugabe ក៏​មាន​សេតវិមាន​ល្អ​ប្រណីត​បំផុត​លើ​ពិភពលោក​ផង​ដែរ ដែល​មាន​តម្លៃ​ថ្លៃ​ប្រមាណ ១០០​លាន​ដុល្លារ រួម​ទាំង​រថយន្ត Rolls-Royce ជិត​៤០​ម៉ឺន​ដុល្លារ។ មួយ​វិញ​ទៀត លោក​ស្រី Grace មាន​រហស្សនាម​ថា "កំពូល​អ្នក​ដើរ​ទិញ​អីវ៉ាន់"។ កាល​ពី​​ពេល​ទៅ​លេង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លើក​មុន លោក​ស្រី​ចាយ​អស់​ជិត ១៦​ម៉ឺន​ដុល្លារ សម្រាប់​ការ​ដើរ​ផ្សារ​ម្ដង។

តើ​ប្រជាជន​នៅ​ប្រទេស​ស៊ីមបាវ៉េ ពេញ​ចិត្ត​ទង្វើ​នេះ​ដែរ​ឬ​ទេ? ចម្លើយ​ប្រាកដ​ណាស់​គឺ "ទេ"។ លោក​ស្រី Grace ត្រូវ​គេ​ស្អប់​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ទៅ​ហើយ ព្រោះ​ប្រជាជន​សុទ្ធ​តែ​ក្រ​លំបាក​វេទនា។ ៧នាក់​ក្នុង​ចំណោម​មនុស្ស​១០​នាក់​នៅ​ស៊ីមបាវ៉េ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទីទ័លក្រ។

ចំណែក​ឯ កូនៗ​របស់​លោក​ស្រី Grace និង​លោក​ប្រធានាធិបតី ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​ទៅ​នឹង​ម្ដាយ​របស់​ពួក​គេ​ដែរ។ កូន​ពៅ​បង្អស់​ឈ្មោះ Chatunga ធ្លាប់​បាន​បង្ហោះ​វីដេអូ​នៅ​លើ Snapchat បង្ហាញ​ពី​ការ​ចាក់​ស្រា​ល្បី​ម៉ាក Armand de Brignac Champagne តម្លៃ​ជាង​២០០​ដុល្លារ​ចោល​លើ​នាឡិកា​មួយ​ខ្សែ​តម្លៃ​មិន​តិច​ជាង ៦​ម៉ឺន​ដុល្លារ​ឡើយ។ Chatunga ថែម​ទាំង​អួត​ថា ខ្លួន​មាន​សមត្ថភាព​ទិញ​នាឡិកា​នេះ ក៏​ព្រោះ​តែ​មាន​ឪពុក​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទាំង​មូល។

គួរ​រំលឹក​ថា កាល​ពី​ថ្មីៗ​នេះ មាន​រដ្ឋ​ប្រហារ​​យោធា​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ ដែល​បច្ចុប្បន្ន​នេះ​លោក​ស្រី Grace និង​ស្វាមី Robert Mugabe កំពុង​​ត្រូវ​យោធា​​ឃាត់​ខ្លួន​ទុក​នៅ​ផ្ទះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;