គ.ជ.ប លើក​ឡើង​បញ្ហា ៥ ដែល​នាំឲ្យ​អ្នកចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ​តិចជាង​ការប៉ាន់​ស្មាន

  • 2017-11-17 07:46:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​ថា អ្នក​បោះឆ្នោត​ថ្មី ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មាន​ចំនួនជាង ៥៣ម៉ឺន​នាក់ ត្រូវជា ៣៣% នៃចំនួន​អ្នក​គ្រប់​អាយុ​ចុះ​ឈ្មោះបោះឆ្នោត ដែល គ.ជ.ប ប៉ាន់ស្មាន​ថា​មាន​ចំនួន ជាង ១,៦២លាន​នាក់។

ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នា​ពេល​កន្លងមក
លោក​ ឯម សូផាត សមាជិក គ.ជ.ប បាន​លើកឡើង​ក្នុង​សន្និសីទ​កាសែត​នា​ព្រឹក​ថ្ងៃទី១៧ ខែវិច្ឆិកានេះ​ថា ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​តិច​ គឺ​មាន ៥ចំណុច ដូច​ខាងក្រោម៖

១. ប្រជា​ពលរដ្ឋ​ជាច្រើន មាន​ទីលំនៅ ឬទីសំណាក់​ច្រើន​ជាង ១កន្លែង ដែល​អាជ្ញាធរ​ឃុំសង្កាត់ បាន​ស្រង់ស្ថិតិ​ស្ទួន​គ្នា

២. ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ច្រើន​បង្គួរ ទាំង​ចំណាក​ស្រុក​ក្នុង​ប្រទេស ទាំង​ចំណាក​ស្រុក​ក្រៅ​ប្រទេស ដែលពុំបាន​ចុះឈ្មោះ​បោះឆ្នោត

៣. ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ក៏មិន​អាច​អញ្ជើញ​ទៅចុះ​ឈ្មោះបោះឆ្នោត​បាន​ដែរ ដូចជា អ្នក​កំពុង​ស្ថិតក្នុងស្ថានភាព​ជាប់​ពន្ធនាគារ អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ ជន​ចាស់​ជរា និងជន​មាន​ពិការភាព ជាដើម។

៤. ការចុះ​ឈ្មោះ​បោះឆ្នោត និងការ​បោះឆ្នោត នៅ​ព្រះរាជាណាចក្រ​កម្ពុជា ផ្អែក​លើគោលការណ៍​ស្ម័គ្រចិត្ត ដែល​ហេតុនេះ ប្រជាពលរដ្ឋ​មាន​សិទ្ធិបោះឆ្នោត​មួយ​ចំនួន ពុំសូវ​យកចិត្ត​ទុកដាក់​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត បើទោះ​បីជា​មាន​ការ​ជម្រុញ និង​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់​បែបយ៉ាង យ៉ាងណា​ក៏ដោយ។

៥. ការចុះ​ឈ្មោះ​បោះឆ្នោត ធ្វើឡើង​នៅ​រដូវវស្សា មានភ្លៀង​ធ្លាក់​ខ្លាំង​ញឹកញាប់ បង្កជា​ជំនន់​ទឹកភ្លៀង នៅតំបន់​មួយចំនួន។

លោក ឯម សូផាត (រូបភាព គជប)

សរុប​ទាំង​អ្នក​ចុះ​ឈ្មោះ​ថ្មី ចំនួន​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត គឺ​មាន​ចំនួន ជាង ៨,៣៨លាន​នាក់។

សូមបញ្ជាក់បញ្ជី​បោះឆ្នោត ឆ្នាំ២០១៧ ដែល គ.ជ.ប កំពុង​ធ្វើបច្ចុប្បន្ន​ភាព​នៅ​ពេលនេះ នឹង​ត្រូវ​ប្រើប្រាស់​ក្នុងការ​បោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិទី៦ ដែល​គ្រោង​នឹង​ធ្វើឡើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;