រដ្ឋសភា​ អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៨

  • 2017-11-17 09:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋសភា​បាន​បន្ត​សម័យ​ប្រជុំ​លើក​ទី៩ នីតិកាល​ទី៥ កាលពី​ព្រឹក​ថ្ងៃទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​បាន​លើក​យក​របៀបវារៈ​ចំនួន​៥ មក​ពិភាក្សា​អនុម័ត ក្នុង​នោះ​របៀបវារៈ​ដែល​សំខាន់ គឺ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៨ និង​ទូទាត់​ថវិកា​ជាតិ​ឆ្នាំ​២០១៦។

បន្ទាប់ពី​សម័យ​ប្រជុំ​រដ្ឋសភា​បាន​ពិភាក្សា និងមាន​ការ​សួ​ដេញដោល​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួច​មក រដ្ឋសភា​បាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហរិញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០១៨ ដោយ​សំឡេង ៦៥លើ ៦៥​សំឡេង។ សមាជិក​ទាំង​៦៥​រូប គឺ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ជាម យៀប ប្រធា​គណៈកម្មការ​ទី២ រដ្ឋសភា បាន​បញ្ជាក់​ថា ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​សំខាន់​ដែលមាន​ព្រឹត្តិការណ៍​ជាតិ​សំខាន់​រួម​មាន៖ ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី៤។ ការ​បោះឆ្នោត​សមាជិក​រដ្ឋសភា​នីតិកាល​ទី៦ និង​ការ​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​​អាវុធ​គ្រប់​ប្រទេស​ព្រមទាំង​ការ​បន្ត​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

កញ្ចាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៨ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើន​ថវិកា​ដល់​ស្ថាប័ន​សំខាន់​មួយ​ចំនួន ដែល​រួមមាន​ក្រសួង​ការពារ​ជាតិ កសិកម្ម ការ​អភិវឌ្ឍ​ជនបទ សុខាភិបាល អប់រំ សាធារណការ និង​ដឹក​ជញ្ជូន វិស័យ​យុត្តិធម៌ និង​វិស័យ​សង្គម​កិច្ច ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាដើម។

លោក​បន្ត​ថា វិស័យ​សំខាន់​មួយ​ចំនួន​ដែល​បាន​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​មាន​កំណើន​ជាង ៧% រួមមាន៖ វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ផលិតផល​ស្បែកជើង​កសិកម្ម ទេសចរណ៍ វិស័យ​សំណង់ និងការ​ប្រមូល​ពន្ធ​អាករ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;