សម្តេច ស ខេង បញ្ជា​ឲ្យរុះ​រើ​ស្លាក​​​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្ទាន់

  • 2017-11-17 12:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​រាជធានី-ខេត្ត​ទូទាំង​ប្រទេស រុះ​រើ​ស្លាក​​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​ទី​សាធារណៈ និង​នៅ​តាម​ទី​ស្នាក់​ការ​ ដោយ​សារ​តែ​គណបក្ស​នេះ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ នេះ​បើ​យោង​តាម​លិខិត​ចុះ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ របស់​សម្តេច ស ខេង បាន​ជម្រាប​ទៅ​អភិបាល និងជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី-ខេត្ត ស្តីពី​ការ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ស្តីពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

ស្រ្តីម្នាក់ ដើរកាត់មុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ
ដើម្បី​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​រាជធានី-ខេត្ត និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចតទៅ៖
  • ត្រូវ​ផ្សព្វផ្សាយ​អប់រំ ណែនាំ​ដល់​ប្រជា​ពលរដ្ឋ ដើម្បី​អនុវត្ត​នូវ​សាលដីកា​របស់​តុលាការ​កំពូល ដែលបាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

  • ត្រូវ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ក្នុងការ​គ្រប់គ្រង ការ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ​ក្នុង​រាជធានី-ខេត្ត​នីមួយៗ។

  • ចំពោះ​ស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​នៅ​រាជធានី-ខេត្ត​នីមួយៗ ត្រូវ​ណែនាំ​ឲ្យ​ទម្លាក់​ស្លាក​បដា ពាក្យ​ស្លោក​ផ្សេងៗ ហើយមិន​ត្រូវធ្វើ​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ហើយ។

  • ត្រូវ​ណែនាំ​ដល់​ម្ចាស់​លំនៅឋាន អគារ សំណង់​នានា​ឲ្យ​ធ្វើការ​ដកចេញ​នូវ​ស្លាក​សញ្ញា​នានា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពី​លំនៅឋាន អគារ សំណង់​នានា​របស់​ខ្លួន​ជា​បន្ទាន់។

  • ចំពោះ​ស្លាក​សញ្ញា​នៅតាម​ទី​សាធារណៈ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវចាត់​វិធានការ​រុះរើ​ចេញជា​បន្ទាន់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;