ស្វែង​យល់​ខ្លះៗ​ពី​ក្រុម​ដែល​ត្រូវ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ Champions League អាស៊ី​យប់នេះ

  • 2017-11-18 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Champions League ជើងទី​មួយ នឹង​ចាប់ផ្ដើម​វេលា​ម៉ោង ១១:១៥ នាទី​យប់​ថ្ងៃ​សោរ៍ ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧នេះ ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម Al Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត ជាមួយ​ក្រុម Urawa Red Diamonds មកពី​ប្រទេស​ជប៉ុន នៅ​កីឡដ្ឋាន King Fahd ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

Al Hilal

ក្រុម​នេះ ជា​ក្រុម​ជើងឯក​របស់​ទ្វីប​អាស៊ី​ចំនួន ២​លើក និង​តែងតែ​ឡើង​ដល់​វគ្គ Knockout ក្នុង​ព្រឹត្តិការណ៍ AFC Champions League មិន​ដែល​ខាន ចាប់​តាំង​ពី​ឆ្នាំ២០០៩ ​មក​ម្ល៉េះ​។ ការ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ចុងក្រោយ​របស់​ក្រុម Al Hilal គឺ​នៅ​ក្នុង​ឆ្នាំ២០១៤ ដែល​ពេល​នោះ ពួកគេ​បាន​ប្រកួត​ចាញ់​ក្រុម Sydney Wanderers របស់​អូស្ត្រាលី។

ខ្សែប្រយុទ្ធ Omar Khribin គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​របស់ Al Hilal ក្នុង​ព្រឹត្តិការណ៍ AFC Champions League រដូវកាល​នេះ។ រូបគេ​រក​បាន ៩​គ្រាប់​ហើយ ក្នុង​នោះ ៥គ្រាប់​រក​បាន​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ពេល​យក​ឈ្នះ​ក្រុម Persepolis របស់​អ៊ីរ៉ង់។ ចំណែក ខ្សែ​បម្រើ Carlos Eduardo ក៏ជា​កីឡាករ​ដែល​រក​គ្រាប់​បាន​ច្រើន​ផងដែរ ដោយ​រក​បាន ៣​គ្រាប់​កាល​ពី​វគ្គ​ ៨ក្រុម ក្នុង​ជ័យជម្នះ​លើក្រុម Al Ain របស់​អារ៉ាប់រួម។

Urawa Red Diamonds

ក្រុម​នេះ ធ្លាប់​ជា​ជើងឯក​កាល​ពី​ឆ្នាំ​២០០៧ ប៉ុន្តែ​បាន​ខកខាន​ឡើង​ទៅ​ដល់​វគ្គផ្តាច់ព្រ័ត្រ ចាប់តាំង​ពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ។ ប៉ុន្តែ​ពួកគេ​បាន​ឡើង​ដល់​ដំណាក់​កាល​ចុងក្រោយ​នៃ​ពានរង្វាន់​ខាងលើ​ក្នុង​ឆ្នាំ​នេះ ដោយ​រក​បាន ២៨​គ្រាប់ ដែល​ជា​គ្រាប់​បាល់​ធ្វើ​បាន​ច្រើន​ជាង​ក្រុម​ណា​ទាំងអស់​ក្នុង​រដូវកាល​នេះ។ កាលពី​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ Urawa បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​ចិន Shanghai SIPG ដោយ​លទ្ធផល​សរុប​ពីរ​ជើង ២-១ ។

ខ្សែ​ប្រយុទ្ធ Rafael Silva របស់ Urawa បាន​រក​ចំនួន ៧​គ្រាប់​ហើយ ក្នុង​ការ​ស៊ុត​ចំនួន​ត្រឹម​តែ ១១​ជើង​ប៉ុណ្ណោះ ខណៈ​ខ្សែប្រយុទ្ធ Shinzo Koroki គឺ​ជា​កម្លាំង​សំខាន់​របស់​ក្រុម​មកពី​ជប៉ុន​នេះ​ផងដែរ ដោយ​រូបគេ​រក​បាន ៤​គ្រាប់។ ខ្សែ​បម្រើ​កណ្ដាល Yosuke Kashiwagi ជនជាតិ​ជប៉ុន គឺ​ជា​អ្នក​បង្កើត​បាល់ Assist បាន​ច្រើន​បំផុត​របស់​ក្រុម ដោយ​ធ្វើ​បាន ៥ ​Assist ៕

ប្រភព៖ AFC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;