រដ្ឋមន្រ្តី​ទេសចរណ៍ ដាក់​ចេញ​ផែនការ ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​ខែ​ក្រោយ

  • 2017-11-19 03:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ និងជា​ប្រធាន​គណៈ​កម្មការ​ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ ឆ្នាំ​២០១៧ បាន​ដាក់​អនុសាសន៍​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ពន្លឿន​កិច្ចការ​នានា ឲ្យបាន​ចប់​រួចរាល់​មុន​ថ្ងៃទី០១ ខែ​ធ្នូ ឆ្នាំ​២០១៧។ ការ​ជំរុញ​ពន្លឿន​កិច្ចការ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ នៅ​សាលា​ខេត្តកែប កាលពី​ពេល​ថ្មីៗ​នេះ។

ខេត្តកែប ដែលធ្វើម្ចាស់ផ្ទះ​រៀបចំបុណ្យសមុទ្រឆ្នាំ២០១៧
ក្នុង​កិច្ចប្រជុំ​នោះ លោក ថោង ខុន បាន​បន្ត​ជំរុញ និង​បន្ត​ដាក់​ចេញ​នូវ​ផែនការ​មួយ​ចំនួន សំដៅ​ពន្លឿន​ការ​ត្រៀម​រៀបចំ​ពិធី​បុណ្យ​សមុទ្រ ឆ្នាំ​២០១៧ ក្នុងនោះ​រួម​មាន៖
រូបថត៖ ក្រសួងទេសចរណ៍

១. អាជ្ញាធរ​ខេត្ត​ត្រូវ​ពន្លឿន​ការ​រៀបចំ​កែ​លម្អ​សោភ័ណភាព​ក្រុង​កែប​ឱ្យបាន​ស្អាត រៀបចំ​បង្គន់​អនាម័យ​សាធារណៈ បង្គន់​ចល័ត​ឱ្យបាន​គ្រប់គ្រាន់ និង​ត្រូវ​សម្អាត​អនាម័យ​ជា​ប្រចាំ។ ត្រូវ​ជំរុញ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ក្នុង​ខេត្ត ឲ្យបាន​រួចរាល់​ទាន់​ពេលវេលា សម្រាប់​រៀបចំ​ពិធី​បុណ្យ​សមុទ្រ ឆ្នាំ​២០១៧។

២. ចុះ​អប់រំ​បណ្តុះ​បណ្តាល និង​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​នានា និង​បញ្ហា​អនាម័យ​ដល់​អាជីវករ និង​ប្រជា​ពលរដ្ឋ ដើម្បី​បម្រើ​ទេសចរ​ជាតិ និង​អន្តរជាតិ ក្នុង​ឱកាស​ពិធី​បុណ្យ​សមុទ្រ ឆ្នាំ​២០១៧ ឲ្យបាន​ពេញ​ចិត្ត ពិសេស​សេវា​ម្ហូប​អាហារ និង​កន្លែង​ស្នាក់នៅ។ គ្រប់​ភោជនីយដ្ឋាន​ទាំងអស់ មិនត្រូវ​ឲ្យ​ភ្ញៀវ​បោះ​សំរាម​ចោល​ក្រោមតុ​នោះ​ឡើយ។

៣. ត្រូវ​ខិតខំ​បំផុស និង​ណែនាំ​ប្រជាពលរដ្ឋ​ក្នុងខេត្ត​ឲ្យ​រៀបចំ និង​តុបតែង​គេហដ្ឋាន​របស់ខ្លួន​ឲ្យបាន​ស្អាត សម្រាប់​ជួល​ឲ្យ​ភ្ញៀវជាតិ និង​អន្តរជាតិ​ដែល​មក​ចូលរួម​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧ ចូល​ស្នាក់នៅ សំដៅ​ទាញ​ផល​ចំណេញ​ឲ្យ​បាន​ដល់​ដៃ​ប្រជាពលរដ្ឋ​ផ្ទាល់។

៤. ត្រូវ​រៀបចំ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ឲ្យ​បាន​ច្រើន ដើម្បី​បម្រើ និង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​សមុទ្រ ឆ្នាំ​២០១៧ ឲ្យបាន​ច្រើន​កុះករ។

៥. ត្រូវ​រៀបចំ​ទស្សនីយភាព​សិល្បៈ ពិព័រណ៍​ភ្លើង សួនភ្លើង​ក្រោមទឹក ការ​បង្ហាញ សិល្បៈភ្លើងរាំ ការ​តាំងពិព័រណ៍​ផលិតផល​ទេសចរណ៍ ពាណិជ្ជកម្ម សកម្មភាព​កីឡា ការ​បោះតង់ និង​កម្មវិធី​សម្អាត​ឆ្នេរ​ឲ្យបាន​ល្អ និង​អញ្ជើញ​បណ្តា​ខេត្ត​ជាប់​សមុទ្រ​ទាំង៤ និង​ខេត្តជា​សម្ព័ន្ធមិត្ត​ចូលរួម​សម្តែង​ផងដែរ។ ចំពោះ​កម្មវិធី​កីឡា​នេះ​ទៀតសោត ត្រូវ​រៀបចំ​ប្រភេទ​កីឡា​លើ​ទឹក និង​លើ​ឆ្នេរ​ឱ្យបាន​ច្រើន ដូចជា ទូក​ក្តោង ម៉ូតូ​ទឹក និង​ត្រូវ​រៀបចំ​ព្យុហយាត្រា​ឱ្យបាន​ល្អ។

៦. ត្រូវ​ខិតខំ​យកចិត្ត​ទុកដាក់​ការពារ និង​រក្សា​សន្តិសុខ​ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧។

៧. ត្រៀម​រថយន្ត​សង្គ្រោះ ត្រៀម​ស្ដង់​ពេទ្យ​ប្រចាំ​ការ និង​ត្រៀម​អ្នក​សង្គ្រោះ​បឋម​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​ប្រការ​ណា​មួយ ក្នុង​ឱកាស​ពិធី​បុណ្យ​សមុទ្រ។.

៨. ត្រូវ​រៀបចំ​ឲ្យមាន​បញ្ជរ​ព័ត៌មាន​បង្ហាញ​ប្រាប់​ប្រជា​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​អំពី​ពេលវេលា និងទី​កន្លែង​រៀបចំ​កម្មវិធី​កម្សាន្ត​នីមួយៗ រៀបចំ​ឲ្យមាន​ស្ដង់​កម្លាំង​ប្រចាំការ។

៩. ត្រូវ​រៀបចំ​បង្កើត​ក្រុម​យុវជន​ស្ម័គ្រចិត្ត ដើម្បី​ជួយ​ដើរ​សម្អាត​បរិស្ថាន ក៏ដូចជា​ជួយ​រើស​សំរាម​ក្នុង​ឱកាស​បុណ្យ​សមុទ្រ ដើម្បី​បង្ហាញ និង​ដាស់​ស្មារតី​ដល់​ប្រជា​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ឲ្យភ្ញាក់​រលឹក​ពី​បញ្ហា​សំរាម​នេះ។

លោក​រដ្ឋមន្រ្តី​បាន​ឲ្យដឹង​ថា មន្ទីរ-អង្គភាព និង​ភាគី​ពាក់ព័ន្ធ​ក៏ត្រូវ​ពន្លឿន​ការ​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​នានា កែលម្អ​សោភ័ណភាព​នៅតាម​ដងផ្លូវ និង​ក្នុង​ទីធ្លា​សាធារណៈ​នានា ចំណែក​សហគមន៍​ទេសចរណ៍ ក៏ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​ទទួល​ទេសចរ​ឲ្យបាន​ល្អ​ផងដែរ។

រូបថត៖ ក្រសួងទេសចរណ៍

ពិធីបុណ្យ​សមុទ្រ​ត្រូវបាន​ប្រារព្ធ​ឡើង​ចំនួន ៥លើក រួចមក​ហើយ ហើយការ​ប្រារព្ធ​ឡើង​ជាថ្មី​នៅ​ខេត្តកែប​នេះ នឹង​ធ្វើឡើង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២២-២៣-២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ «ឆ្នេរ​សមុទ្រ​បៃតង៖ បច្ចុប្បន្ន គឺ​អនាគត» និរន្តរភាព​ទេសចរណ៍ ដើម្បី​ការ​អភិវឌ្ឍ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;