កងទ័ព​អាហ្សង់ទីន ថាខ្លួន​ប្រហែល​ទទួល​បាន​សញ្ញា​ពី​នាវា​មុជទឹក​ដែល​បាត់ខ្លួន

  • 2017-11-19 07:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​ជើងទឹក​អាហ្សង់ទីន បាន​អង្កេត​ឃើញ​ការ​ខលហៅ ៧​ដង តាម​ផ្កាយ​រណប​​កាលពី​យប់ថ្ងៃទី​១៨​វិច្ឆិកា ដែល​មន្រ្តី​ជឿជាក់​ថា ការ​ខលហៅ​នោះ​គឺ​ចេញពី​នាវា​មុជទឹក​១​គ្រឿង​ផ្ទុក​មនុស្ស​៤៤នាក់ ដែលបាត់​ខ្លួន​ជាង ៣ថ្ងៃមក​នេះ។

កងទ័ព​អាហ្សង់​ទីន បាន​ឲ្យដឹង​ថា ការ​ប៉ុនប៉ង​ខល​ហៅ​ដូច្នេះ គឺ​បង្ហាញ​ថា ក្រុម​នាវិក​ក្នុង​នាវា​បាត់ខ្លួន​នោះ កំពុង​ព្យាយាម​បង្កើត​ទំនាក់​ទំនង​ឡើងវិញ ហើយ​កងទ័ព​អាហ្សង់ទីន កំពុង​ធ្វើការ​កំណត់​ប្រភព​ទីតាំង​ដែល​បាន​ខលហៅ​នោះ​ហើយ។ ការ​ខល​នោះ​មាន​រយៈពេល​ត្រឹមតែ ៤​នាទី ៣៦​វិនាទី​ប៉ុណ្ណោះ ដែលត្រូវ​ទទួលបាន​នៅ​មូលដ្ឋាន​ទ័ព​ផ្សេងៗ​គ្នា។

គួរ​រម្លឹក​ថា នាវា​មុជ​ទឹក​អាហ្សង់ទីន ឈ្មោះ ARA San Juan  បាន​បាត់​ការ​ទាក់ទង កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ នាវា​នេះ​ត្រូវ​បាន​ឃើញ​ចុងក្រោយ​នៅ​ឈូង​សមុទ្រ San Jorge កាលពី​ថ្ងៃ​ពុធ ដែល​មាន​ចម្ងាយ​ជាង ៤០០​គីឡូម៉ែត្រ ពី​ឆ្នេរ​ភាគ​ខាង​កើត​ប្រទេស។

ប្រធានាធិបតី​អាហ្សង់ទីន លោក Mauricio Macri បានថ្លែង​ថា អាហ្សង់ទីន​នឹង​ប្រើប្រាស់​គ្រប់​ធនធាន​ជាតិ និង​អន្តរជាតិ ដើម្បី​រក​ឲ្យឃើញ​នាវា​មុជទឹក​នោះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;