ចាប់​បាន​សាច់​មាន់​ខូច​គុណភាព​ជិត​១តោន បម្រុង​ដឹក​ទៅ​លក់​តាម​ភោជនីយដ្ឋាន

  • 2017-11-21 02:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាច់​មាន់​ខូច​គុណភាព​ជិត​១តោន ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​ធ្វើ​ការ​ឃាត់​ទុក នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ/សង្កាត់​ទឹក​ថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី ម៉ី ប៉ូរ៉ាន់ នាយ​ផ្នែក​នៃ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ថា ម្ចាស់​រថយន្ត​ដែល​ដឹក​សាច់​មាន់​ខូច​គុណភាព​មាន​ឈ្មោះ ហួត សំបូរ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ណាកាឆាយ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាង​លើ កម្លាំង​នគរបាល​ធ្វើ​ការ​ឃាត់​ទុក​បាន​សាច់​មាន់​ខូច​គុណភាព​ចំនួន ១០០​ថង់ ស្មើ​នឹង ៨៥០​គីឡូ​ក្រាម ដោយ​ក្នុង​នោះ​មាន​ទ្រូង​មាន់ ភ្លៅ​មាន់ កោះ​មាន់ ថ្លើម​មាន់ និង​ជើង​មាន់។

លោក​វរសេនីយ៍ត្រី រស់ អៀម នាយ​រង​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​បញ្ជាក់​ថា ក្រោយ​ឃាត់​បាន ម្ចាស់​រថយន្ត​បាន​ឆ្លើយ​សារភាព​ថា សាច់​មាន់​ខូច​គុណភាព​នេះ​ត្រូវ​បាន​​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​របៀង​អូរបីជាន់ ដោយ​មាន​ការ​បង់​ថ្លៃ​ជូន​កម្លាំង​យោធា​ច្រក​របៀង​១​ឡាន ៤​ម៉ឺន​រៀល។ ចំណែក​ឯ​ទិសដៅ​នាំ​ចូល​គឺ​ដឹក​ទៅ​ខេត្ត​បាត់ដំបង ដើម្បី​ដាក់​លក់​តាម​ភោជនីយដ្ឋាន ១​គីឡូក្រាម តម្លៃ​ប្រមាណ ៤០០០​រៀល៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;