Chanathip អាច​ផ្លាស់​ទៅ Leicester បាន តែ​ត្រូវបំពេញ​លក្ខខណ្ឌ​សំខាន់​២

  • 2017-11-21 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ពេល​ថ្មីៗ​នេះ សារព័ត៌មាន​នានា​បាន​ចុះផ្សាយ​ថា ប្រធាន​ក្លឹប​កញ្ជ្រោង Leicester City លោក Vichai Srivaddhanaprabha ដែល​ជា​ជនជាតិ​ថៃ កំពុង​ចាប់​អារម្មណ៍​កីឡាករ​ឆ្នើម Chanathip Songkrasin ដើម្បី​នាំយក​ទៅ​លេង​នៅ​លីគ​កំពូល​អង់គ្លេស ខណៈ​ខ្សែ​បម្រើ​រូបនេះ​បច្ចុប្បន្ន កំពុង​ប្រកប​អាជីព​នៅ​ក្លឹប Consadole Sapporo នៃ​លីគ​កំពូល​ជប៉ុន។

Chanathip Songkrasin
នៅ​ជប៉ុន Chanathip បាន​ចូល​លេង​ស្ទើរ​គ្រប់​ការ​ប្រកួត ទោះបី​រូបគេ​ជា​កីឡាករ​ដែល​ត្រូវបាន​ខ្ចី​ជើង​ពី​ក្លឹប​ថៃ Maungthong United ត្រឹមតែ​១៨​ខែ​ក៏​ដោយ។ ការ​បង្ហាញ​សមត្ថភាព​ដ៏​ល្អ​នេះ បាន​ធ្វើឲ្យ​កីឡាករ​ដែល​មាន​រហស្សនាម​ថា "Messi Jay” ស្ថិត​ក្នុង​ក្រសែ​ភ្នែក​ប្រធាន​ក្លឹប Leicester ដើម្បី​ផ្ដល់​ឱកាស​សម្រាប់​រូបគេ​ចូល​រួម​ជា​មួយ​ក្លឹប​របស់​លោក។

យ៉ាង​ណា​មិញ គេ​សង្កេត​ឃើញ​ថា វា​ជា​រឿង​ដ៏​លំបាក​មួយ​សម្រាប់​កីឡាករ​មកពី​អាស៊ី​អាគ្នេយ៍​ម្នាក់​នេះ លេង​នៅ​ក្របខ័ណ្ឌ English Premier League ដោយសារ​កត្តា​ចម្បង ២។

ទី១- តាម​ច្បាប់​ដ៏​តឹង​រឹង​របស់​ចក្រភព​អង់គ្លេស កីឡាករ​ដែល​អាច​លេង​នៅ​លីគ​កំពូល​របស់​ខ្លួន​បាន លុះត្រាតែ​កីឡាករ​រូប​នោះ​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ។ ម្យ៉ាងទៀត ថៃ​ជា​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ជាង ១០០​ឯណោះ ដូច្នេះ​តម្រូវ​ឲ្យ​កីឡាករ​ Chanathip បង្ហាញ​ខ្លួន​លេង​ឲ្យ​ជម្រើស​ជាតិ​យ៉ាង​ហោច​ណាស់ ៧៥​ភាគរយ នៃ​ចំនួន​ការ​ប្រកួត​សរុប​របស់​ក្រុម​ជម្រើស​ជាតិ​ថៃ ដោយ​គិត​ត្រឹម​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ។

ទី២- ក្លឹប ត្រូវ​សុំ​ការ​អនុញ្ញាត​ឲ្យ​កីឡាករ​ដែល​ខ្លួន​ទិញ ដើម្បី​ទទួល​បាន​សិទ្ធិ​ប្រកប​ការងារ​នៅ​អង់គ្លេស។ ហើយ​កីឡាករ​នោះ ​ត្រូវ​គេ​មើល​ឃើញ​ថា នឹង​អាច​រួមចំណែក​ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​បាល់ទាត់ ក្នុង​កម្រិត​ខ្ពស់​បំផុត។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ក្លឹប Leicester មាន​កីឡាករ​មកពី​អាស៊ីអាគ្នេយ៍​ម្នាក់ គឺ​កីឡាករ Faiq Bolkiah ដែល​ជា​ព្រះ​រាជ​បុត្រា​មកពី​​ប្រទេស​ព្រុយណេ។

កាលពី​ឆ្នាំ​២០០៧ ក្រោម​ការ​គ្រប់គ្រង​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្លឹប​បាល់ទាត់ Manchester City បាន​នាំ​យក​កីឡាករ​សញ្ជាតិ​ថៃ Teerasil Dangda, Kiatprawut Saiwaeo និង Suree Kukha ចូលរួម​ក្រុម​របស់​ខ្លួន តែ​មិនមាន​កីឡាករ​រូបណា​ក្នុង​ចំណោម​ពូកគេ​បាន​លេង​ក្នុង​ការ​ប្រកួត​ផ្លូវការ​របស់ Man City ឡើយ៕

ប្រភព៖ Goal | reevaldo ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;