កំពូល​ខ្សែ​ប្រយុទ្ធ​អាស៊ាន ៥នាក់ ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ឲ្យ​ក្រុម​ជម្រើសជាតិ

  • 2017-12-01 04:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​១. Kiatisuk Senamuang (ថៃ)៖ ៧១គ្រាប់

សេនាមឿង ជា​អតីត​ខ្សែ​ប្រយុទ្ធ​កំពូល​របស់​ថៃ ដែល​ស៊ុត​បញ្ចូល​ទី ៧១គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ១៣៤ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ថៃ ចន្លោះ​ពី​ឆ្នាំ ១៩៩៣ ដល់ ២០០៧។ ក្រៅ​ពី​លេង​នៅ​ក្លឹប​ក្នុង​ស្រុក សេនាមឿង ក៏​ត្រូវ​ក្លឹប​នៅ​ក្រៅ​ប្រទេស​ចុះ​កុងត្រាផងដែរ ដូចជា​ក្លឹប​នៅ​ម៉ាឡេស៊ី សិង្ហបុរី និង​វៀតណាម​ជាដើម។

Kiatisuk Senamuang (អាវក្រហម លេខ១៣)
2) Fandi Ahmad (សិង្ហបុរី)៖ ៥៥គ្រាប់

Fandi Ahmad គឺ​ជា​កីឡាករ​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ដ​បាល់ទាត់​សិង្ហបុរី។ អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ ស៊ុត​បញ្ចូល​ទី​បាន ៥៥គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ១០១ ប្រកួត​ក្នុង​ក្រុម​ជម្រើសជាតិ​សិង្ហបុរី ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់ ១៩៩៧។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ Ahmad ធ្លាប់​ទៅ​លេង​នៅ​ក្លឹប Groningen របស់​ហូឡង់ ពី​ឆ្នាំ​ ១៩៨៣ ដល់ ១៩៨៥ ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​យក្ស​អ៊ីតាលី Inter Milan ក្នុង​ក្របខណ្ឌ UEFA Cup (បច្ចុប្បន្ន Europa League) ទៀត​ផង។

Fandi Ahmad (លេខ ១៥)
  1. Le Cong Vinh (វៀតណាម)៖ ៥១គ្រាប់

ឡេ កុងវិញ ស៊ុត​បញ្ចូល​ទី ៥១គ្រាប់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វៀតណាម ក្នុង​ការ​ចូល​លេង ៨៣ប្រកួត ចន្លោះ​ពី​ឆ្នាំ​២០០៤ ដល់ ២០១៦។ ក្រៅ​ពី​លេង​នៅ​ក្លឹប​ក្នុង​ស្រុក អតីត​ខ្សែ​ប្រយុទ្ធ វ័យ៣១ឆ្នាំ​រូបនេះ ធ្លាប់​ត្រូវ​បាន​ក្លឹប​នៅ​ព័រទុយហ្គាល់ និង​ជប៉ុន ខ្ចី​ជើង​ទៅ​លេង​រយៈពេល​ខ្លី​ផងដែរ។

Le Cong Vinh
  1. Phil Younghusband (ហ្វីលីពីន)៖ ៤៧គ្រាប់

ខ្សែ​ប្រយុទ្ធ​កូន​កាត់​ហ្វីលីពីន-អង់គ្លេស​រូបនេះ បាន​កសាង​កេរ្តិ៍ឈ្មោះ​ដល់​កំពូល ពេល​ចូល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន កាលពី​ឆ្នាំ​២០០៦។ ចាប់​តាំង​ពី​ពេល​នោះ រហូត​បច្ចុប្បន្ន Phil ស៊ុត​បញ្ចូល​ទី ៤៧គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៩២ប្រកួត។ មុន​មក​កាន់​ប្រទេស​ហ្វីលីពីន កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ គឺ​ជា​កីឡាករ​យុវជន​នៅ​ក្លឹប Chelsea របស់​​អង់គ្លេស (ពី​ឆ្នាំ​១៩៩៧ ដល់ ២០០៤)។

Phil Younghusband

៥. ហុក សុចិត្រា (កម្ពុជា)៖ ៤២គ្រាប់

បច្ចុប្បន្ន​ប្រិយមិត្ត​ប្រហែល​ស្គាល់​ច្បាស់​ខ្សែ​ប្រយុទ្ធ​ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម ឬ កែវ សុខផេង ជាដើម ប៉ុន្តែ​បើ​ឮ​ឈ្មោះ​ ហុក សុចិត្រា អ្នកណាៗ​ក៏​នៅ​ចាំ​បាន​ដែរ ថា​ជា​អតីត​កំពូល​ខ្សែ​ប្រយុទ្ធ​អស្ចារ្យ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា។ លោក ហុក សុចិត្រា ​បាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ពី​ឆ្នាំ​១៩៩៥ ដល់ ២០០៣ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៤២គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៦៤ប្រកួត។ កេរ្តិ៍ឈ្មោះ​របស់​លោក ហុក សុចិត្រា ​ល្បី​រន្ទឺ​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់​អាស៊ាន មិន​ចាញ់​ សេនាមឿង របស់​ថៃ​នោះ​ទេ ជា​ពិសេស​គឺ​នៅ​ស៊ីហ្គេម ឆ្នាំ​១៩៩៧ ដែល​ពេល​នោះ​លោក​ស៊ុត​បញ្ចូល​ទី​បាន ៤គ្រាប់ ​ក្នុង ៤ប្រកួត៕

លោក ហុក សុចិត្រា ពេល​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;