សម្តេច ស ខេង៖ អាមេរិក​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ ជា​សិទ្ធិ​របស់​អាមេរិក

  • 2017-12-07 03:34:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​នៅព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ បន្ទាប់ពី​បញ្ចប់​កិច្ច​ប្រជុំ​រដ្ឋសភា​ថា ការដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា គឺជា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក។ ការ​លើកឡើង​នេះ បន្ទាប់ពី​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា និង​សមាជិក​ក្រុម​គ្រួសារ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​រំលាយ​ចោល និង​មេដឹកនាំ​បក្ស​នេះ កំពុង​តែ​ជាប់​ពន្ធនាគារ​នៅឡើយ។

សម្តេច ស ខេង ថ្លែងទៅកាន់អ្នកកាសែត នៅរដ្ឋសភា នាពេលកន្លងមក
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី៦ ខែ​ធ្នូ បាន​ប្រកាស​ថា ក្រសួង​ការបរទេស​អាមេរិក នឹង​រឹត​បន្តឹង​លើការ​ជាន់​ទឹកដី​អាមេរិក សម្រាប់​បុគ្គល​ទាំងឡាយ ដែល​អាមេរិក​គិតថា បាន​ជាប់​ពាក់ព័ន្ធ​នឹងការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សមាជិក​ក្រុម​គ្រួសារ​បុគ្គល​ទាំងឡាយ​ដែលត្រូវ​បាន​ហាមឃាត់​នោះ ក៏​ស្ថិតនៅ​ក្រោម​ការរឹត​បន្តឹង​ផ្នែក​ទិដ្ឋាការ​ផងដែរ។

រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សម្រេច​ចាត់​វិធានការ​បែបនេះ​ប្រឆាំង​នឹង​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​វិធានការ​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា ដែលបាន​បំផ្លាញ​វឌ្ឍនភាព​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ ជាមួយគ្នា​នោះ ក្រសួង​ការបរទេស​អាមេរិក បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន តាមរយៈ​ការ​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើងវិញ ការ​ដោះលែង​លោក កឹម សុខា និងការ​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដំណើរការ​ឡើងវិញ។

ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​ថា រដ្ឋបាល​ប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹង​បន្ត​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា និង​ចាត់វិធានការ​បន្ថែម​ទៀត ខណៈ​ដែល​អាមេរិក​បន្ត​ទំនាក់ទំនង​ជាមួយ​ប្រជាជន​កម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;