ក្រសួង​មហា​ផ្ទៃ ស្នើ​កុំឲ្យ​ជឿ​ជន​ខិលខូច ដែល​ទារប្រាក់​ជាថ្នូរ​នឹងការ​តែងតាំង​មុខ​តំណែង

  • 2017-12-11 08:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គ​នាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​មហា​ផ្ទៃ បាន​ស្នើ​ឲ្យ​សាធារណ​ជន ពិសេស​មន្រ្តី​រាជការ​ស៊ីវិល​ក្រសួង​មហា​ផ្ទៃ កុំឲ្យ​ជឿតាម​ការ​បោក​ប្រាស់​របស់​ជន​ខិល​ខូច ដែល​ក្លែង​ខ្លួន​ជា​ថ្នាក់​ដឹកនាំ ឬជា​ជំនួយការ​ថ្នាក់​ដឹកនាំ ឆបោក​ទារប្រាក់​ជាថ្នូរ នឹង​ការ​តែងតាំង​មុខ​តំណែង ឬការ​ដំឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៅថ្ងៃ​ទី១១ ខែធ្នូ​នេះ។

ការ​អំពាវនាវ​នេះ ធ្វើឡើង​ក្រោយ​ពេល​ថ្មីៗ​នេះ មាន​ជន​ខិលខូច​មួយ​ចំនួន បាន​ប្រើប្រាស់​ឈ្មោះ​ថ្នាក់​ដឹកនាំ​អគ្គ​នាយដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ និង​លោក រស់ សុផាន់ រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ ដើម្បី​ទំនាក់​ទំនង​ទូរសព្ទ ឆបោក​ទារប្រាក់​ពី​មន្រ្តី​រាជការ ជាពិសេស​មន្រ្តី​រាជការ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែលមាន​មុខតំណែង​ក្នុង​គណៈ​អភិបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​មុខ​តំណែង​មួយ​ចំនួន​ទៀតក្នុង​រចនាសម្ព័ន្ធ​សាលា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាថ្នូរ​នឹងការ​ជួយ​សម្រួល​ក្នុងការ​តែងតាំង​មុខ​តំណែង ឬ​ដំឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ​របស់​សាមី​ខ្លួន​ម្នាក់ៗ។

បច្ចុប្បន្ន​អគ្គ​នាយកដ្ឋានរដ្ឋបាល​ក្រសួង​មហាផ្ទៃ និង​ក្រសួង​មុខងារ​សាធារណៈ បាន​ដាក់​ពាក្យ​បណ្តឹង​ជូន​សមត្ថកិច្ច​ជំនាញ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ចាប់​ជនល្មើស​មក​ផ្តន្ទា​ទោស​តាមច្បាប់​ហើយ។

អគ្គ​នាយកដ្ឋាន​រដ្ឋបាល បញ្ជាក់​ថា ជា​គោលការណ៍ រាល់​ការ​តែងតាំង​មុខ​តំណែង ឬ​ការ​ដំឡើង​ថ្នាក់ ឋានន្តរសក្តិ មន្រ្តី​រាជការ​ទាំង​នៅ​ថ្នាក់​ជាតិ និង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​អនុលោម​តាម​គោលការណ៍ បែបបទ និង​នីតិវិធី​ដែល​បាន​កំណត់​នៅក្នុង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្រ្តី​រាជការ​ស៊ីវិល និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជាធរមាន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;