រថយន្ត​អគ្គិសនី Tesla មាន​ដៃគូ​ប្រជែង​ថ្មី នៅ​ទីផ្សារ​ប្រទេស​ចិន

  • 2017-12-19 07:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Tesla ដែល​ល្បី​ខាង​ផលិត​រថយន្ត​អគ្គិសនី កំពុង​ជួប​ប្រទះ​នឹង​គូ​ប្រជែង​ថ្មី​មួយ​ទៀត នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន។ ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​ជា​គូ​ប្រជែង​របស់ Tesla មាន​ឈ្មោះ​ថា NIO។

រថយន្ត NIO ES80
កាល​ពី​ចុង​សប្ដាហ៍​មុន NIO បាន​ចេញ​រថយន្ត​អគ្គិសនី​ប្រភេទ SUV កៅអី ៧ ដោយ​ឲ្យ​​ឈ្មោះ​ថា ES80 ដាក់​លក់​ក្នុង​តម្លៃ ៦៨០០០​ដុល្លារ ថោក​ជាង​រថយន្ត Model X របស់ Tesla ដល់​ទៅ​ជិត ៥០% ឯណោះ (ជាង ១២​ម៉ឺន​ដុល្លារ)។ ក្រៅ​ពី​តម្លៃ​ថោក​ជាង ES80 ក៏​មាន​បំពាក់​មុខងារ​ទំនើបៗ​ស្រដៀង​ទៅ​នឹង​រថយន្ត Tesla អ៊ីចឹង​ដែរ ដូចជា បច្ចេកវិទ្យា AI (Artificial Intelligence) និង​មុខងារ​ផ្លាស់ប្ដូរ​អាគុយ​បាន​ភ្លាមៗ ជា​ដើម។
ខាង​ក្នុង​រថយន្ត NIO ES80

លោក Lihong Qin ប្រធាន​ក្រុមហ៊ុន NIO បាន​បង្ហាញ​ក្ដី​រំពឹង​ថា ទីផ្សារ​រថយន្ត​របស់ NIO នឹង​មាន​ការ​កើន​ឡើង​ទ្វេដង ក្នុង​រយៈពេល ៤ ទៅ ៦​ឆ្នាំ​ខាង​មុខ។ យ៉ាង​ណា​មិញ លោក​អះអាង​ថា NIO មិន​មាន​គោល​បំណង​ប្រជែង​គ្នា​ជាមួយ​ក្រុមហ៊ុន Tesla របស់​លោក Elon Musk នោះ​ទេ។

គួរ​បញ្ជាក់​ថា ចិន​ជា​ទីផ្សារ​ដ៏​ធំ​មួយ​របស់ Tesla ដែល​រក​ចំណូល​បាន​យ៉ាង​ច្រើន​សន្ធឹក​ក្នុង​១ឆ្នាំៗ។ រយៈពេល​៩​ខែ​ដើម​ឆ្នាំ​២០១៧​នេះ ចំណូល Tesla នៅ​ចិន មាន​ចំនួន ១,៥​ពាន់​លាន​ដុល្លារ កើន​ឡើង​ពី ៥៧០​លាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៦៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;