បទ​ចម្រៀង "ផ្សារ​កាប់​គោ" និង​រឿង​រ៉ាវ​ទាក់​ទង​គ្នា​កាល​ពី​ជាង​៥០​ឆ្នាំ​មុន

  • 2018-03-09 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ចុង​ឆ្នាំ ២០១៧ បទ​ចម្រៀង​បែប​កំប្លែង​មួយ​បទ ដែល​មាន​ចំណង​ជើង​ថា "ផ្សារ​កាប់​គោ" បាន​បន្លឺ​សម្លេង​អង្រួន​អារម្មណ៍​អ្នក​ស្តាប់​ តាម​រយៈ​បណ្តាញ​ព័ត៌​មាន​សង្គម ដែល​មាន​ហ្វេស​ប៊ុក និង យូធូប​ជា​ដើម​។ មក​ទល់​នឹង​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ មាន​អ្នក​ទស្សនា​ជាង​៨លាន​ដង គ្រាន់​តែ​នៅ​លើ​ ឆា​ណែល​យូធូប​មួយ​ដែល​មាន​ឈ្មោះ​ថា Zear Pub & Bar។ នេះ​មិន​រាប់​ ចំនួន​អ្នក​ទស្សនា​នៅ​លើ បណ្តាញ​សង្គម​ផ្សេង​ៗ និង​ បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​អ្នក​ចម្រៀង​ដទៃៗ​ទៀត​ផង​។

ទំនុក​ច្រៀង​ថ្មី​បែប​កំប្លែង​នេះ ត្រូវ​បាន​គេ​សរ​សេរ​ឡើង​ ដោយ​យក​លំនាំ​តាម​បទ​ចម្រៀង "បើ​បាន​រាំ​ហើយ"​ របស់​អ្នក​ស្រី រស់ សេរី​សុទ្ធា​។​ "បើ​បាន​រាំ​ហើយ" និពន្ធ​ទំនុក​ច្រៀង ដោយ​លោក ញ៉ែម ផុន សម្រួល​តន្ត្រី​ដោយ​ លោក សម សាខន និង ប្រគុំ​បទ​ភ្លេង​ដោយ​ក្រុម​តន្រ្តី​យោធា​ភិរម្យ​។ បទ​ចម្រៀង​នេះ​ជា​សមិទ្ធ​ផល​របស់​ផលិត​កម្ម​ថាស​ចម្រៀង សញ្ញា​អាប៉ូឡូ។ វា​ទំនង​ជា​ចេញ​លក់​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ឬ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០​។

តាម​ពិត​ទៅ បទ​ចម្រៀង​របស់​អ្នក​ស្រី រស់ សេរីសុទ្ធា មួយ​បទ​នេះ​ គឺ​យក​លំនាំ​តាម​បទ​ចម្រៀង​ជា​ភាសា​អេស្ប៉ាញ​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា"Pepito" ដែល​ច្រៀង​ដោយ​អ្នក​ចម្រៀង​ជន​ជាតិ​កូស្តារីកា ឈ្មោះ Julia Cortés នៃ​ក្រុម​ចម្រៀង Los Machucambos ។

បទ​ចម្រៀង "Pepito" ចេញ​លក់​នៅ​ឆ្នាំ ១៩៦១​​ ហើយដោយ​សារ​បទ​ចម្រៀង Pepito ទើប​ក្រុម Los Machucambos ល្បី​ល្បាញ​ពាស​ពេញ​ពិភព​លោក​។

សូម​បញ្ជាក់​ថា ក្រុម​ចម្រៀង Los Machucambos ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​បារីស នៅ​ខែ​សីហា​ឆ្នាំ១៩៥៩ ដោយ​សិល្បករ​ជន​ជាតិ​អេស្ប៉ាញ​ ឈ្មោះ Rafael Gayoso, សិល្បករ​ជន​ជាតិ កូស្តារីកា ឈ្មោះ Julia Cortés និង​សិល្បករ​ជន​ជាតិ​ប៉េរូ​ឈ្មោះ Milton Zapata ហើយ​ដែល​ក្រោយ​មក​ត្រូវ​ជំនួស​ដោយ​សិល្បករ​ជន​ជាតិ​អ៊ីតាលី​ឈ្មោះ Romano Zanotti។

បទ​ចម្រៀង​ភាគ​ច្រើន​របស់​ក្រុម Los Machucambos គឺ​ជា​បទ​ចម្រៀង​ប្រភេទ​ស្រាល និង​អាច​រាំ​បាន ប៉ុន្តែ​បទច​ម្រៀង​ទាំង​នោះ​មាន​ភាព​ផ្សេងៗ​គ្នា​ និង បាន​រួម​បញ្ចូល​គ្នា​នូវ​បទ​ចម្រៀង​បែប​ប្រពៃណី​របស់​ពួក​មេរិក​ឡាទីន​ និង​បទ​ចម្រៀង​ដែល​និពន្ធ​ដោយ​អ្នក​ចម្រៀង​ដ៏​ល្បី​របស់​បារាំង​ដូចជា Charles Aznavour ឬក៏ Léo Ferré ជា​ដើម​៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;