តួកគី នៅ​តែ​ទទូច​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ បើ​ទោះ​អាមេរិក​គំរាម​ដាក់​ទណ្ឌកម្ម

  • 2018-07-25 02:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្វី​ត្បិត​ទទួល​រង​ការ​គំរាមកំហែង​ដាក់​ទណ្ឌកម្ម​ពី​អាមេរិក រដ្ឋាភិបាល​តួកគី​មាន​គម្រោង​នៅ​តែ​បន្ត​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ដដែល។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Mevlut Cavsoglu រដ្ឋមន្ត្រី​ការបរទេស​តួកគី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៨។

លោក Mevlut និយាយ​ថា ការ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​លក្ខខណ្ឌ​សមស្រប​មួយ ដោយ​ហេតុ​ថា តួកគី​គ្មាន​ជម្រើស​ផ្សេង​ទៀត​នោះ​ទេ​ក្រៅ​ពី​ការ​ធ្វើ​បែប​នេះ។ លោក​បន្ត​ថា តួកគី​បាន​ព្យាយាម​ពន្យល់​ពី​មូលហេតុ​ដែល​មិន​រអា​នឹង​ទណ្ឌកម្ម​របស់​អាមេរិក ហើយ​តួកគី​យល់​ឃើញ​ថា ទណ្ឌកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​ន័យ​មួយ​ដែល​មិន​ត្រឹមត្រូវ​នោះ​ទេ។

រដ្ឋបាល​លោក ដូណាល់ ត្រាំ មាន​បំណង​កាត់​ផ្ដាច់​ទំនាក់ទំនង​អន្តរជាតិ​របស់​អ៊ីរ៉ង់ ដែល​ជា​ប្រភព​រក​ចំណូល​សម្រាប់​ការ​ផ្គត់ផ្គង់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ ឬ​ក្រុម​ឆ្មាំ​បដិវត្តន៍​ឥស្លាម។

សូម​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ ធ្វើ​ឡើង​ខណៈ​ដែល​តួកគី និង​អាមេរិក​កំពុង​មើល​​មុខ​គ្នា​មិន​សូវ​ចំ ដែល​បង្ក​ឡើង​ពី​រឿង​ទិញ​ប្រព័ន្ធ​ការពារ​មីស៊ីល S-400 ពី​រុស្ស៊ី។ អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម ហើយ​បញ្ឈប់​ការ​លក់​យន្តហោះ​ចម្បាំង F-35 ទៅ​ឲ្យ​តួកគី បើ​ប្រទេស​នេះ​ទទូច​ចង់​ទិញ​អាវុធ​ពី​រុស្ស៊ី​បន្ត​ទៀត។ យ៉ាង​ណា​មិញ តួកគី​មិន​បាន​អើពើ ឬ​បញ្ចេញ​ប្រតិកម្ម​ប្រតិបត្តិ​តាម​អាមេរិក​នោះ​ទេ។ បច្ចុប្បន្ន តួកគី និង​រុស្ស៊ី កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចរចា​ចុង​ក្រោយ​នៃ​ការ​​ទិញ​ដូរ​អាវុធ​ហើយ៕

ប្រភព៖ Washington Examiner ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;