ស្ថានទូត​អាមេរិក​នៅ​តួកគី ត្រូវ​ខ្មាន់​កាំភ្លើង​បើក​ការ​បាញ់​ប្រហារ

  • 2018-08-20 06:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នូរ​សំឡេង​គ្រាប់​កាំភ្លើង​ជា​ច្រើន​គ្រាប់ ត្រូវ​បាន​បន្លឺ​ឡើង នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​អានការ៉ា ប្រទេស​តួកគី នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ បណ្ដាល​ឲ្យ​ខូចខាត​បង្អួច បន្ទប់​សន្តិសុខ តែ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ​។

ការ​បាញ់​ប្រហារ​មក​លើ​ស្ថានទូត​អាមេរិក​នេះ គឺ​ខ្មាន់​កាំភ្លើង​បាន​បាញ់​ចេញ​ពី​ក្នុង​រថយន្ត​១គ្រឿង​។

ប៉ូលិស នៅមុខស្ថានទូតអាមេរិក ប្រចាំប្រទេសតួកគី (រូបថត៖ Twitter)
ហេតុការណ៍​ខាងលើ បាន​កើតឡើង​ស្រប​ពេល​ដែល​ក្រុង​អាការ៉ា និង​ក្រុង​វ៉ាស៊ីនតោន កំពុង​ប្រឈមមុខ​ដាក់​គ្នា ជុំវិញ​ការ​ចាប់ខ្លួន​អាចារ្យ​សាសនា​គ្រិស្ត​អាមេរិក​ម្នាក់ នៅ​តួកគី នា​ពេល​កន្លង​ទៅ​។

ហេតុការណ៍​ដដែល បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល ៥ ព្រឹក ខណៈ​ស្ថានទូត​អាមេរិក ត្រូវ​បាន​បិទទ្វារ​ក្នុង​សប្ដាហ៍​នេះ ​ឈប់​សម្រាក ក្នុង​ពិធី​បុណ្យ​របស់​សាសនា​ឥស្លាម Eid Al-Adha ។ ទោះជាយ៉ាងណា ប៉ូលិស​កំពុង​តាម​ស្វែងរក​ក្រុម​ជន​សង្ស័យ ដែល​បាន​ជិះ​រថយន្ត​ពណ៌​ស ១​គ្រឿង​។

សូម​រំឭក​ថា កាលពី​សប្ដាហ៍​មុន សេតវិមាន​បាន​ធ្វើការ​ថ្កោលទោស​ប្រទេស​តួកគី ចំពោះ​ការ​ដំឡើង​ពន្ធ​ទ្វេដង​លើ​ទំនិញ​អាមេរិក។ ដោយឡែក តួក​គី បាន​ចាត់​ទុក​ទង្វើ​របស់​ខ្លួន​ជា​ការ​ឆ្លើយតប​នឹង​អាមេរិក ដែល​បាន​ដំឡើង​ពន្ធ​ទ្វេ​ដង​លើ​ផលិតផល​អាលុយមីញ៉ូម និង​ដែកថែប​របស់​ខ្លួន​ផងដែរ​។

ភាព​តានតឹង​រវាង អាមេរិក និង​តួកគី កើតឡើង ក្រោយពី​ការ​ចាប់ខ្លួន​អាចារ្យ​សញ្ជាតិ​អាមេរិក​ម្នាក់​ដែល​តួកគី​ចោទ​ថា បាន​គាំទ្រ​ដល់​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ដែល​ទទួល​បរាជ័យ ទម្លាក់​ប្រធានាធិបតី​តួកគី កាល​ពី​២ឆ្នាំ​មុន​៕

អត្ថបទទាក់ទង

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;