សេដ្ឋកិច្ច​កម្ពុជា បន្ត​មាន​កំណើន​ ៧% នៅឆ្នាំ​២០១៩ តែ​អាច​មាន​បញ្ហា​ប្រឈម​មួយចំនួន

  • 2019-01-03 03:11:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្នាំ​២០១៩ សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​រំពឹងថា​បន្ត​មាន​កំណើន​​ក្នុងរង្វង់ ៧% ហើយ​អត្រា​អតិផរណា​បន្ត​ស្ថិតក្នុង​កម្រិត​ទាប ២,៦% ជាមួយ​នឹង​ស្ថិរភាព​នៃអត្រា​ប្តូរ​ប្រាក់ ៤០៥០រៀល​ក្នុងមួយ​ដុល្លារ។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​២០១៨ និង​ទស្សនវិស័យ​ឆ្នាំ២០១៩ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពីថ្ងៃទី២ ខែ​មករា​ ឆ្នាំ​២០១៩។

ទោះ​ជាយ៉ាងណា ធនាគារ​ជាតិ​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ផងដែរ​ដែល​បណ្តាល​មកពី​កត្តា​ខាងក្រៅ និង​ខាងក្នុង។

កត្តា​ខាងក្រៅ​រួមមាន

-លំហូរ​ចេញ​នៃ​មូលធន​ពី​តំបន់។

-លំហូរ​ចេញ​នៃ​មូលធន​ពី​តំបន់​ទៅ​សហរដ្ឋ​អាមេរិក អាច​នាំឱ្យ​ប្រាក់​ដុល្លារ​អាមេរិក​ឡើងថ្លៃ។

-ការ​កើនឡើង​ថ្លៃ​ប្រេង​អន្តរជាតិ ដែល​រួម​ចំណែក​បង្កើន​ថ្លៃ​ដឹកជញ្ជូន និង​ថ្លៃ​ដើម​ផលិតកម្ម ដោយ​អាច​បង្កើន​សម្ពាធ​លើ​អត្រា​អតិផរណា​កម្ពុជា។

-កម្ពុជា​អាច​ប្រឈម​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់យ៉ាង​លើកលែង​អាវុធ (EBA) របស់​សហភាព​អឺរ៉ុប។

-ការ​អនុវត្ត​កិច្ចព្រមព្រៀង​ភាព​ជាដៃគូ​អន្តរប៉ាស៊ីហ្វិក (CPTPP) និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ជាមួយនឹង​ប្រទេស​ជាគូ​ប្រជែង​នាំ​ចេញ​របស់​កម្ពុជា។

កត្តា​ខាងក្នុង​រួមមាន

-វិស័យ​សំណង់ មាន​វដ្ត​នៃការ​អភិវឌ្ឍ ដែល​ធ្វើឱ្យវិស័យ​នេះ​អាចកើនឡើង និង​ថយ​មកវិញ នៅ​ពេល​ដែល​គម្រោង​សំណង់ធំៗ​ត្រូវបាន​បញ្ចប់។

-ការ​កើនឡើង​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ អាច​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ហួស​ពីតម្រូវការ​ជាក់​ស្តែង និង​អាច​ជាហានិភ័យ​សម្រាប់​វិស័យ​ធនាគារ និង​ជំនឿ​ទុកចិត្ត​វិនិយោគិន​ផងដែរ។

-ថ្លៃដើម​ផលិត​កម្ម​នៅកម្ពុជា មាន​កម្រិត​ខ្ពស់​នៅឡើយ ដោយសារ​សេដ្ឋកិច្ច​មាត្រដ្ឋាន នៅមាន​ទំហំ​តូច, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មាន​កំណត់, បញ្ហា​ផ្គត់ផ្គង់អគ្គិសនី (កង្វះ​ប្រព័ន្ធ​ចែកចាយ​និងថ្លៃខ្ពស់) និង​ការ​កើនឡើង​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ជាដើម។

ឆ្លើយតប​ទៅនឹង​បញ្ហា​ខាងលើនេះ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​រួម​ចំណែក​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុងការកែទម្រង់​រចនាសម្ព័ន្ធ ការធ្វើពិពិធកម្ម ការ​រក្សា​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ និង​ផែនការ​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​នានា​ប្រកបដោយ​ប្រសិទ្ធភាព៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;