ខេត្តសៀមរាប​មាន​ផលិតផល​ទេសចរណ៍​ជាច្រើន តែ​នៅខ្វះ​មួយ​ទៀត

  • 2019-04-09 03:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុង​ខេត្ត​សៀមរាប​ មាន​ផលិតផល​ទេសចរណ៍​ជាច្រើន ក្រៅពី​ប្រាសាទ​អង្គរវត្ត​ ដូចជា​នៅ​សហគមន៍​ទេសចរណ៍​កំពង់ភ្លុក សហគមន៍​ទេសចរណ៍​បឹងពារាំង សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង ភូមិដ្ឋាន​ធម្មជាតិ​រ៉ុន​តាឯក​ជាដើម។ ប៉ុន្តែ​នៅក្នុង​ខេត្ត​នេះ គឺ​ខ្វះ​ផលិតផល​ទេសចរណ៍​ដើរ​ផ្សងព្រេង ដើម្បី​បំពេញ​តម្រូវការ​ដល់​អ្នកទេសចរ​ដែល​មាន​ចំណូលចិត្ត​ដើរ​ផ្សងព្រេង។ នេះ​បើតាមការ​លើកឡើង​របស់​លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិផល​ទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍ ក្នុងកិច្ច​ប្រជុំ​ការងារ​ ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំ​ត្រីមាសទី១ ឆ្នាំ​២០១៩ របស់​មន្ទីរទេសចរណ៍​ខេត្ត​សៀមរាប​ កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ​២០១៩។

រូបថត៖ AKP
លោក​បញ្ជាក់​ថា កន្លងមក​នេះ អ្នកទេសចរ​ដែល​មាន​ចំណូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​នៅតាម​ព្រៃភ្នំ​តែងតែ​នាំគ្នា ទៅ​កម្សាន្ត​នៅ​ភ្នំឱរ៉ាល។ ប៉ុន្តែ​ឥឡូវនេះ​ក្រសួង​ទេសចរណ៍​មាន​គម្រោង​បង្កើត​ឱ្យមាន​​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​នេះ​នៅភ្នំគូលែន ព្រោះ​ថា វាជា​ទីតាំងមួយ​ដ៏ល្អ​សម្រាប់​អ្នក​ទេសចរណ៍​ចំណាយ​ពេលវេលា និង​ថវិកា មក​កម្សាន្ត​នៅខេត្ត​សៀមរាប បានទាំង​ទស្សនា​ប្រាសាទ​បុរាណ តំបន់​ទេសចរណ៍ ធម្មជាតិ ទេសចរណ៍​សហគមន៍ និង​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​នៅក្នុង​ព្រៃ​ភ្នំគូលែន អតីត​រាជធានី​ខ្មែរ និង​មាន​ប្រាសាទ និងវត្ថុផ្សេងៗ​ដែល​នៅសល់​ក្នុងព្រៃ​នេះ ដែល​គេ​មិនទាន់​បាន​ជួប។
តំបន់ប្រវត្តិសាស្រ្តស្រះដំរី (រូបថត៖ FB Vegik Ivan)

លោក​បន្ថែម​ថា ជាមួយគ្នា​នេះ​អាជ្ញាធរ​ខេត្ត ក៏​ដូចជា​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ក៏​កំពុងតែ​ខិតខំ​ជំរុញ​ការរៀបចំ «សៀមរាប​ក្រៅពី​ប្រាសាទ​អង្គរ» ជាមួយ​វិស័យ​ឯកជន​បណ្ដើរៗ​ហើយ​ដែរ ដើម្បី​បង្កើត​ឱ្យមាន​ផលិតផល​ទេសចរណ៍​ថ្មីៗ​ទៀត។

បើតាម​លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​រួមគ្នា​បង្កើត​ផលិតផល​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​បន្ថែម​ទៀត ដើម្បី​បំពេញ​ចំណាប់​អារម្មណ៍ និង​តម្រូវការ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា មាន​ឱកាស​ស្នាក់នៅ​យូរថ្ងៃ និង​ចាយច្រើន។ ជាមួយ​គ្នានេះនេះ ប្រតិបត្តិករ​ទេសចរណ៍​ទាំងអស់​ត្រូវ​បង្កើន​ការផ្តល់​សេវា​ជូនភ្ញៀវ​ទេសចរ​ប្រកបដោយ​គុណភាព​ខ្ពស់។

លោក​រដ្ឋមន្រ្តី ក៏បាន​ណែនាំ​ឱ្យមន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ​ទប់ស្កាត់​ការ​ឡើង​ថ្លៃហួសហេតុ​ពេក ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ដោយ​ត្រូវ​បញ្ជ្រាប​ឱ្យម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ដាក់​បង្ហាញ​តារាង​តម្លៃ​លើ​មុខ​ទំនិញ-សេវាកម្ម​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ និងអាច​ទទួល​យក​បាន៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;