Toyota នឹងសង់រោងចក្ររថយន្ត​ដំបូង​នៅ​មីយ៉ាន់ម៉ា ក្រោយរដ្ឋាភិបាលធ្វើរឿងនេះ

  • 2019-05-27 06:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន Toyota Motor នឹង​សាង​សង់​រោងចក្រ​ដំឡើង​រថយន្ត​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ចាប់​យក​ទីផ្សារ​រថយន្ត​ដែល​កំពុង​រីក​លូត​លាស់​មួយ​នេះ។

រូបតំណាង
សកម្មភាព​របស់​ Toyota កើត​មាន​ឡើង​​ស្រប​ពេល​នឹង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ បាន​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​រថយន្ត​ ដើម្បី​លើក​ស្ទួយ​វិស័យ​​ផលិត​យានយន្ត​ក្នុង​ស្រុក និង​ក្នុង​គោលបំណង​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​​យានយន្ត​បណ្ដាក់​ទុន​កាន់​តែ​ច្រើន​ក្នុង​ប្រទេស​របស់​ខ្លួន។

រោងចក្រ​របស់ Toyota នឹង​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ Thilawa ស្ថិត​នៅ​ជាយ​ក្រុង​ Yangon និង​អាច​​ផលិត​រថយន្ត​​ប្រភេទ​ភីកអាប់​បាន​ប្រហែល ១០ ០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ។ ការ​បណ្ដាក់​ទុន​របស់​ក្រុមហ៊ុន​ជប៉ុន​នេះ​អាច​នឹង​មាន​ខ្ទង់​រាប់​លាន​ដុល្លារ​ឯណោះ។

​​គួរ​ដឹង​ថា​រថយន្ត​ភីកអាប់​នាំ​ចូល​ប្រឈម​នឹង​ការ​យក​ថ្លៃ​ចុះ​ឈ្មោះ​ពិសេស​រហូត​ដល់ ៤០% នៃ​តម្លៃ​ពន្ធ​នាំ​ចូល។ ចំណែក​រថយន្ត​ផលិត​ក្នុង​ស្រុក​មិន​ទាមទារ​​ឲ្យ​បង់​កម្រៃ​ពិសេស​នេះ​ឡើយ ហើយ​បាន​ការ​បន្ធូរបន្ថយ​លើ​ពន្ធ​ផ្សេងៗ​ទៀត​ផង។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក៏​បាន​សម្រេច​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ផង​ដែរ ដែល​ការ​ធ្វើ​ដូច​នេះ​​បាន​ធ្វើ​ឲ្យ​ចំនួន​រថយន្ត​ជប៉ុន​មួយ​ទឹក (ប្រើ​ចង្កូត​ស្ដាំ) ​មាន​ការ​ថយ​ចុះ។ នៅ​ក្នុង​ឆ្នាំ ២០១៨ ចំនួន​រថយន្ត​ថ្មី​ដែល​បាន​លក់​ចេញ​នៅ​មីយ៉ាន់ម៉ា​មាន​សរុប​ ១៧ ៥០០ គ្រឿង បាន​កើន​ឡើង​លើស​ពី​ពីរ​ដង​ឯណោះ ធៀប​នឹង​ឆ្នាំ​មុន៕

ចុចអាន៖

ប្រភព៖ Asia.Nikkei ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;